(ក្រចេះ)៖ កងកម្លាំងអាវុធហត្ថស្រុកឆ្លូង ខេត្តក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថស្រុក ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានចុះបង្រ្កាបករណីជូញដូរ នូវសាធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុច ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ផាត សុភក្រ័វាសនា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តការបង្រ្កាបនេះ កម្លាំងបស់លោក បានឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន៤នាក់។
ជនសង្ស័យទាំង៤នាក់ខាងលើរួមមានទី១៖ ឈ្មោះ ភុធ ខួច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ, ទី២៖ ឈ្មោះ មាន ម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មានទំលំនៅភូមិ ហាន់ជ័យទី៤, ទី៣៖ ឈ្មោះ ខាន់ សាវ៉ាន ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង និងទី៤៖ ឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រោយថ្មក្រោមឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ាំក្រាមពណ៌ស (ម៉ាទឹកកក )សង្ស័យជាសាធាតុញៀនចំនួន ៧កញ្ចប់, ទូរស័ព្ទចំនួន ២គ្រឿង, ម៉ូតូចំនួន២គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវឃាត់ខ្លួន និងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដើម្បីបំពេញនីតិវិធីច្បាប់៕