(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រាន ម៉ូឌី (Narendra Modi) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសពីការបញ្ចេញកញ្ចប់ថវិកា ១០ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប (GDP) ដើម្បីជួយដល់កម្មករ និងសហគ្រាសខ្នាតតូច ខណៈសេដ្ឋកិច្ចជាតិកំពុងរងផលប៉ះពាល់ ពីការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសុន្ទរកថាពិសេសមួយតាមកញ្ចក់ទូរទស្សន៍ លោក Modi បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងញូដេលីនឹងបញ្ចេញកញ្ចប់ថវិកា ២៦៦ពាន់លានដុល្លារ ឬស្មើនឹង ១០ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប GDP ស្របពេលប្រទេសឥណ្ឌាឈានចូលដល់ថ្ងៃទី ៥០ នៃវិធានការបិទប្រទេសទាំងមូលនៅថ្ងៃពុធនេះ។ លោកបន្ថែមទៀតថា កញ្ចប់ថវិកានេះនឹងក្លាយជាជម្រុញសន្ទុះថ្មីមួយ នៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ក៏ដូចជានឹងជួយឱ្យឥណ្ឌា ដើរនៅលើផ្លូវដែលពឹងផ្អែកលើខ្លួនឯង។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ប្រទេសឥណ្ឌាដែលបានមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់ មានករណីឆ្លង COVID-19 សរុប ៧៤,២៩២ករណី ក្នុងនោះស្លាប់ ២,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២៤,៤២០នាក់៕