(ស្វាយរៀង)៖ យ៉ាងហោចណាស់ក្រដាស់អេតចាយប្រមាណ៥០០តោន និងរថយន្តមួយគ្រឿង បានខូចខាតដោយសារអគ្គិភ័យ លេបត្របាក់យ៉ាងសន្ធោរសន្ធៅ ប៉ុន្តែចំពោះករណីនេះ មិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សនោះទេ ខណៈសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៤៥នាទី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំនុចឃ្លាំងក្រដាស់ (អេតចាយ) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម្ចាស់ទីតាំងដែលរងគ្រោះ មានឈ្មោះ ថាច់ ថុន ភេទស្រី អាយុ ៤១ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស «តាយសេង» ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះទំហំនៃការខូចខាត គឺឆេះក្រដាស់អេតចាយអស់ប្រមាណជា៥០០តោន និងឆេះរថយន្តដឹកអេតចាយ០១គ្រឿង ម៉ាកហ៊ីណូ គ្មានស្លាកលេខ ខណៈអគ្គិភ័យនេះដែរ មិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
ប្រភពបានបន្ថែមថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលក្រុងបាវិត បានសហការជាមួយកងរាជអាវុធហត្ថក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះអន្តរាគមន៍ចេញរថយន្ត ជួយពន្លត់ដោយក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដោយប្រើប្រាស់ទឹកសរុបចំនួន១២ រថយន្ត ផងដែរ។ ចំពោះអគ្គីភ័យដែលឆេះយ៉ាងសន្ធោរសន្ធៅនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយកំពុងស្រាវជ្រាវបន្ត៕