(រតនគិរី)៖ ប្រជាសហគមន៍ភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវប្រមាណជា៨០នាក់បានចាប់ឈើប្រភេទសុក្រំមនៅមុខប៉ុស្តិ៍ ៧០៩ ឬហៅថាប៉ុស្តិ៍ណងដា ការពារព្រំដែន។
ប្រជាសហគមន៍បន្តថា ពេលពួកគាត់ទៅដល់ប៉ុស្តិ៍ណងដាសួររកអ្នកដែលកាប់ឈើពីព្រៃអារក្សរបស់សហគមន៍ ដំបូងឡើយខាងប៉ូលិសការពារព្រំដែននេះ បានបដិសេធថា ក្រុមរបស់ខ្លួនមិនបានកាប់ឈើពីព្រៃអារក្សសហគមន៍នោះទេ មានតែក្រុមហ៊ុន៧មករាផារីទេ ជាអ្នកកាប់ព្រោះព្រៃនោះវាស្ថិតនៅក្នុងផែនទីរបស់ក្រុមហ៊ុន ស្រាប់តែសហគមន៍ចុះទៅមាត់ទន្លេ ក៏ឃើញឈើជាច្រើនដុំរាប់មិនអស់ ព្រោះនៅក្នុងបាតទន្លេហើយសហគមន៍ក៏នាំគ្នាលើកយកមកលើគោកបាន២០ដុំមានមុខ២០ មុខ៣០ ប្រវែង២ម៉ែត្រ ទៅ៣ម៉ែត្រ ហើយពួកគាត់លើកឈើទាំងនេះមកលើគោក ដើម្បីថតទុកជាភស្តុតាង តែពួកមិនមានលទ្ធភាពដឹកជញ្ជូនទៅរក្សាទុកក្នុងភូមិនោះទេ។ ពេលឃើញឈើដូច្នេះ មន្ត្រីប៉ូលិសខាងលើ និយាយទៅកាន់សហគមន៍ថា អ្នកឯងមានសិទ្ធិស្អីបានជាមកចាប់ឈើសមត្ថកិច្ច?
ក្រោយមកសហគមន៍ត្រឡប់មកភូមិ ហើយរាយការណ៍ទៅលោកមេភូមិថា ប៉ូលិសណងដា បដិសេធការចោទប្រកាន់ខាងលើ ហើយមេភូមិលឺដូច្នេះ មិនអស់ចិត្តក៏ទូរស័ព្ទទៅសួរខាងក្រុមហ៊ុន តែខាងក្រុមហ៊ុនបដិសេធថាមិនបានកាប់ឈើក្នុងព្រៃអារក្សរបស់សហគមន៍នោះទេ ម្យ៉ាងវិញសហគមន៍ និងក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយគ្នារួចហើយថាមិនរំលោភបំពានលើគ្នាទៅវិញទៅមកឡើយ។ ក្នុងថ្ងៃដដែលនេះសហគមន៍បានប្តឹងទៅប៉ូលិសប៉ុស្តិ៍ ឃុំសេសាន តែប៉ុស្តិ៍សេសានមិនទាន់អន្តរាគមន៏នៅឡើយទេរហូតមកដល់ម៉ោងនេះ។
សហគមន៍បន្តថា នៅថ្ងៃស្អែកសហគមន៍នឹងឡើងមកខេត្ត ដើម្បីស្វែងរកការអន្តរាគមពី អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ ពីព្រោះករណីខាងលើនេះកើតឡើងជាច្រើនលើកមកហើយ តែគ្មានសមត្ថកិច្ចពាក់ព័ន្ធណាមួយជួយអន្តរាគមន៍ និងទប់ស្កាប់រាល់បទល្មើសព្រៃឈើនេះទាល់តែសោះ៕