(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្តកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តទៅលើរបៀបវារៈចំនួន២ នៅសេសសល់បន្តទៀត។
របៀបវារៈ២នោះរួមមាន ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។
សូមបញ្ជាក់ថា នៅថ្ងៃនេះ រដ្ឋសភាដែលមានសមាជិកចូលរួម ៩៣រូប លើ៩៨រូប បានលើកដៃគាំទ្រសេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការអនុម័តនេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាគហ៊ុន ប្រមាណ៦២៣ហ៊ុន ក្នុងចំណោមភាគហ៊ុនសរុប១លានហ៊ុន នៅក្នុងធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី(AIIB) ដែលមានមូលដ្ឋានទៅទីក្រុងប៉េកាំង ប្រទេសចិន៕