(ភ្នំពេញ)៖ លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មកនិយោជិត វិស័យទេសចរណ៍កម្ពុជា តំណាងឲ្យបុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាង១៥០នាក់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះថា ជំនួបរវាងបុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke និងតំណាងសណ្ឋាគារនៅរសៀលថ្ងៃនេះ នាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទទួលបានលទ្ធផលនោះទេ ដោយមេធាវីតំណាងសណ្ឋាគារនិយាយយ៉ាងខ្លីថា គ្មានលុយសង។

ជុំវិញបញ្ហានេះ លោក ទូច កុសល និងបុគ្គលិកអតីតសណ្ឋាគារផ្កាយ៥ The Great Duke ទាំងអស់ សូមលើកម្រាមដៃដប់ សំពះសុំការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដល់បងប្អូនកម្មករ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតក្នុងជីវភាពផង ព្រោះបងប្អូនប្រជាពលរដ្ឋជឿជាក់ថា នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក សម្តេចតេជោតែងតែយកចិត្តទុកដាក់ជានិច្ច។

បើតាមលោក ទូច កុសល ប្រាក់សំណងដែលម្ចាស់សណ្ឋាគារ ត្រូវសងដល់បុគ្គលិកជាង១៥០នាក់ មានទឹកប្រាក់ប្រហែល៣០-៤០ម៉ឺនដុល្លារ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បុគ្គលិករបស់អតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើននាក់ តំណាងបុគ្គលិក១៥២នាក់ បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារឲ្យម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពរគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៥ខែមកហើយ។

ក្រោយមានការផ្ទុះការតវ៉ានេះ មន្ត្រីក្រសួងក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ និងអាជ្ញាធររាជធានីភ្នំពេញ បានចុះមកសម្របសម្រួល ដើម្បីឲ្យក្រុមកម្មករ បុគ្គិលទាំងអស់ បើកផ្លូវដូចធម្មតាវិញ។

បន្ទាប់ពីបានជួបជុំពិភាក្សាគ្នាររវាងតំណាងកម្មករ និងតំណាងសណ្ឋាគារ ដែលមានការសម្របសម្រួលពីតំណាងក្រសួងការងារ និងអាជ្ញាធររួចមក ក្រុមកម្មករយល់ព្រមបើកផ្លូវឲ្យមានចរាចរណ៍វិញ។

តំណាងកម្មករបានឲ្យដឹងថា ភាគីកម្មករ និងតំណាងសណ្ឋាគារស្រុះស្រួលគ្នា ប្រជុំដោះស្រាយបញ្ហា នៅថ្ងៃទី១២ ខែឧសភានេះ។

 សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ៣ចំណុច៖ ទី១៖ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ, ទី២៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៣៖ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។

សហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) ដែលតំណាងឲ្យបុគ្គលិករបស់សណ្ឋាគារជាង១៥០នាក់ ក៏បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះករណីដែលសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអ៊ីនធើរខនធីណិនថលភ្នំពេញ បានបិទទ្វារដោយមិនព្រមទូទាត់សំណង ជូនកម្មករនិយោជិត១៥២នាក់ ស្របតាមច្បាប់ស្ដីពីការងារនៃកម្ពុជា។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា អតីតបុគ្គលិកធ្លាប់បម្រើការងារ នៅសណ្ឋាគារ The Great Duke បាននឹងកំពុងរង់ចាំទទួលនូវប្រាក់សំណង អស់រយៈពេលជាច្រើនខែមកហើយ ដោយយោងតាមមាត្រា១១៦ នៃច្បាប់ស្ដីពីការងារតម្រូវឲ្យនិយោជក ត្រូវតែផ្ដល់ប្រាក់ឈ្នូល និងប្រាក់បំណាច់គ្រប់ប្រភេទ ជូនកម្មករនិយោជិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីថ្ងៃឈប់ធ្វើការ។

សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕