(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានជំរុញដល់មន្ត្រីថ្នាក់ក្រោមទាំងអស់ ត្រូវកែប្រែឥរិយាបថខ្លួនពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋបាលស្រុកលើកដែក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកលើកដែក លោកអភិបាលខេត្ត បានសង្កត់ធ្ងន់នូវចំណុចពិសេសនោះគឺ មន្ត្រីមានសមត្ថកិច្ចទាំងអស់ត្រូវបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៉ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋាន ដើម្បីធានាឲ្យបាននូវភាពសុខសាន្តក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអំពាវនាវពីការអនុវត្តន៍នូវគោលនយោបាយខាងលើ លោក គង់ សោភ័ណ្ឌ ក៏អំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល ឲ្យបានត្រឹមត្រូវ។

លោកអភិបាលខេត្តបន្តថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះ នៅក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកបានចែកម៉ាស ចំនួន ៩០ប្រអប់ សារុងចំនួន១៣៧ និងថវិកាជូនដល់អ្នកចូលរួមទាំង ១៣៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕