(ភ្នំពេញ)៖ ថ្ងៃនេះជាមួយនឹងកាដូដ៏ធំថ្មីមួយទៀតពីសំណាក់សម្ដេចតេជោ ចំពោះប្រជាជនកម្ពុជាទាក់ទងទៅនឹងចរាចរនៅលើផ្លូវជាតិលេខ៤ ដោយលុបចោលការបង់ប្រាក់ នៅរសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅដើមឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រសួង ដើម្បីចុះពិនិត្យព្យាបាលជម្ងឺទូទៅ និងចែកវ៉ែនតាជូនដល់ពលរដ្ឋនៅសង្កាត់ទឹកថ្លាដោយមិនបានត្រូវបង់ប្រាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃនេះថា គ្រាន់តែនៅដើមឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការដូធំៗជាច្រើនបន្តបន្ទាប់សម្រាប់ប្រជាជនកម្ពុជា ។ ពិសេសថ្ងៃនេះទៀត គឺនៅផ្លួវជាតិលេខ៤ ត្រូវបានលុបចោល លែងឲ្យមានការបង់ថ្លៃតទៅទៀតហើយ ចាប់ពីម៉ោង១២យប់នេះទៅ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅបានបន្តថា ដោយឡែកចំពោះក្រសួងសុខាភិបាលវិញ នៅក្នុងឱកាសដើមឆ្នាំ២០១៦នេះដែរ នៅរសៀលថ្ងៃនេះ ក្រសួងក៏មាន ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់ក្រសួងជាច្រើននាក់ រួមទាំងគ្រូពេទ្យបរទេសមួយចំនួនផងដែរ បានចុះមកសង្កាត់ទឹកថ្លា ដើម្បីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយពុំមានការគិតថ្លៃនោះឡើយ ហើយជាមួយគ្នានេះ ក៏មានការវាស់ភ្នែកពលរដ្ឋ ចាស់ៗ និងចែកវ៉ែនតាជូនដល់ពួកគាត់ដោយពុំបានគិតថ្លៃផងដែរ ។
ទន្ទឹមគ្នានិងការថ្លែងឡើងបែបនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏នៅបានសំណូមពរដល់ពលរដ្ឋ បើមានសុខភាពមិនស្រួល សូមមកពិនិត្យជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ហើយបើមានបញ្ហាអ្វីដែល មិនយល់គ្នា សូមនិយាយគ្នាត្រង់ទៅត្រង់មក ដូចជាបងប្អូន ក្នុងគ្រួសារតែមួយ កុំប្រកាន់គ្នា ។បញ្ហាដែលសំខាន់នោះគឺ ក្រុមគ្រូពេទ្យ ត្រូវតែមានក្រមសិលធម៌វិជ្ជាជីវៈឲ្យបានត្រិមត្រូវ ហើយបន្តការពិនិត្យនិងព្យាបាលជម្ងឺជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងធានាបានសុខមាលភាពជូនប្រជាពលរដ្ឋ ហើយត្រូវបានពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងជឿជាក់មកលើក្រុមគ្រូពេទ្យរបស់រដ្ឋ ៕