(ភ្នំពេញ)៖ Wiki School ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល មានមុខងារបច្ចេកវិទ្យាទំនើបៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ត្រូវបានយកទៅដាក់ឲ្យដំណើរការ នៅសាលាអន្តរជាតិមួយឈ្មោះថា ទ្រូវីស្សិន (True Visions)។

បច្ចុប្បន្ននេះ ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថល Wiki School កំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ព្រះស៉ីសុវត្ថិ សាលាភូមិន្ទរដ្ឋបាល និងសាលារៀនឯកជនមួយចំនួនទៀតជាច្រើនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នេះ នៅគ្រាដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ Wiki School កំពុងតែដើរតួនាទីយ៉ាងសំខាន់មួយ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់មធ្យោបាយគាំទ្រការបង្រៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក។

លោក សេង បូណា អគ្គនាយកសាលាអន្តរជាតិទ្រូវីស្សិន បានឲ្យដឹងថា បានជាលោកជ្រើសរើសយក Wiki School មកប្រើប្រាស់នៅក្នុងសាលានេះ ដោយសារវា គឺជាប្រព័ន្ធដ៏ទំនើបមួយ នៅក្នុងសម័យកាលឌីជីថល និងជាសម័យកាលដ៏លំបាក នៃយុទ្ធនាការទប់ស្កាត់កូវីដ១៩។

លោកមើលឃើញថា វាមានប្រព័ន្ធសិក្សាតាមបែប E-Learning ជាច្រើនរបស់សាលាទ្រូវីហ្សិន ហើយលោកគិតថា Wiki School App គឺជាកម្មវិធីដ៏ពិសេសបំផុត ដែលមានមេរៀនគ្រប់កម្រិតទាំងអស់ របស់សាលាទ្រូវីហ្សិន តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២។

លោក សេង បូណា បានបន្ថែមថា ពិសេសជាងនេះទៅទៀតរបស់ Wiki School គឺការធ្វើតេស្តសមត្ថភាពតាមអនឡាញ ហើយវាអាចបង្កើតឲ្យមានជាសន្និសីទថ្នាក់រៀន (Class Conference) រវាងគ្រូ និងសិស្ស សម្រាប់បង្រៀនពីចម្ងាយបានផងដែរ។ ជាងនេះទៅទៀត លោកគ្រូអ្នកគ្រូអាចបញ្ចូលវីដេអូ អាចបញ្ចូលកិច្ចការមេរៀន អាចកែមេរៀន ហើយរុញកំណែនោះទៅសិស្សវិញបាន ដើម្បីឲ្យគាត់ដឹងថា សិស្សធ្វើខុសប៉ុន្មាន និងធ្វើត្រូវប៉ុន្មាន។

លោក សេង បូណា បានបន្តថា «សម្រាប់កម្មវិធី Wiki School គឺយើងអាចបញ្ចូលកិច្ចការសិស្ស កិច្ចការផ្សេងៗ យើងមានសារឆ្លើយឆ្លងគ្នា យើងមានសេចក្តីជូនដំណឹង ទៅដល់មាតាបិតា រួមទាំងសិស្សផងដែរ។ យើងអាចដឹងពីព័ត៌មានថ្នាក់ ដឹងពីព័ត៌មានគ្រូកែពិន្ទុ និងអ្វីៗជាច្រើន»

លោកអគ្គនាយកសាលាទ្រូវីស្សិន បានថ្លែងបន្ថែមថា «ខ្ញុំជឿជាក់ថា App មួយនេះ គឺជា App ក្នុងការជួយឲ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ សម្រួលទៅលើការសិក្សារបស់កូន តាមរយៈការសិក្សាពីចម្ងាយ។ នៅពេលដែលបញ្ចូល Wiki School ក្នុងសាលានេះ កំលុងវិបត្តិកូវីដ១៩ ខ្ញុំគិតថាឪពុកម្តាយគាំទ្រច្រើន ហើយសិស្សានុសិស្ស មានការសិក្សាងាយស្រួលបំផុតសម្រាប់គាត់»

បើតាមលោក សេង បូណា បានយល់ច្បាស់ពីសារៈប្រយោជន៍របស់កម្មវិធី Wiki School ដោយលោកអះអាងថា វាមានមុខងារប្រើប្រាស់ជាច្រើន ដើម្បីសម្រួលក្នុងការសិក្សា ក្នុងកំលុងវិបត្តិកូវីដ១៩ កំពុងតែរាតត្បាតនៅកម្ពុជា។ លោកបន្តទៀតថា ការយកកម្មវិធី Wiki School មកប្រើប្រាស់ នាំឲ្យមានអត្ថប្រយោជន៍ច្រើន សម្រាប់ទាំងគ្រូ និងទាំងសិស្ស ជាពិសេសសម្រាប់លើកកម្ពស់ស្តង់ដារបច្ចេកវិទ្យា ទៅឲ្យក្មេងៗបានយល់ថា បច្ចេកវិទ្យាសម័យឥឡូវទំនើបកម្រិតណា។

លោកបញ្ជាក់ទៀតថា «ពេលមាន Wiki School App នៅក្នុងទូរស័ព្ទរបស់អ្នកអាណាព្យាបាល គឺប្រព័ន្ធ E-Learning គ្រប់គ្រាន់ហើយ មានន័យថា ការសិក្សាតាមអនឡាញ តម្រូវឲ្យសិស្ស គាត់មើលទៅលើមេរៀន ហើយបើសិនជាគាត់ឆ្ងល់ គឺគាត់អាចសួរគ្រូនៅក្នុង App មិនបាច់ចូលទៅអេបណាផ្សេង មិនបាច់ចូលទៅប្រព័ន្ធអ្វីផ្សេងទេ ព្រោះប្រព័ន្ធ E-Learning ខ្លះ គឺជួបគ្នាក្នុងកម្មវិធីផ្សេង ហើយមើលមេរៀនក្នុងកម្មវិធីផ្សេង។ អញ្ចឹង ធ្វើឲ្យក្មេងៗមានភាពលំបាក ក្នុងការតាមដានពីចំណុចមួយទៅចំណុចមួយ»

ថ្លែងដូចគ្នាដែរ បន្ទាប់ពីឆ្លងកាត់ការណែនាំ ក្នុងការប្រើប្រាស់ ដើម្បីបង្រៀនសិស្សនោះ អ្នកគ្រូ Linda Anne Eves យល់ឃើញថា ការប្រើប្រាស់ Wiki School App មានផលប្រយោជន៍ជួយឲ្យមានទំនាក់ទំនងល្អរវាងសិស្ស និងគ្រូ ដោយសារតែមានបញ្ហាកូវីដ១៩នេះ ដែលមិនអាចធ្វើឲ្យគ្រូ និងសិស្ស មកថ្នាក់រៀនជួបមុខគ្នាផ្ទាល់បាន។ វាជួយឲ្យគ្រូ និងសិស្ស មានទំនាក់ទំនងគ្នាល្អក្នុងការសិក្សា ហើយវាក៏ជាចំណុចមួយ ដែលផ្តល់ប្រយោជន៍ ឲ្យកូនសិស្សអាចរៀនពីចម្ងាយបាន អាចរក្សាគម្លាតពីគ្នាបាន ដែលជាវិធានការអនុវត្តន៍មួយ ក្នុងការទប់ស្កាត់ការឆ្លងជំងីកូវីដ១៩ តាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល។

អ្នកគ្រូ Linda Anne Eves បានបន្តថា «ចំណុចសំខាន់នៅក្នុងការរៀនពីចម្ងាយរវាងគ្រូ និងសិស្ស ដោយប្រើប្រាស់កម្មវិធីនេះ ជួយឲ្យសិស្សទោះបីមិនបានរៀន នៅក្នុងសាលាក៏ដោយ ក៏កម្មវិធីសិក្សារបស់ពួកយើង នៅតែអាចបន្តទៅមុខ ហើយគ្រូនៅតែផ្តល់កិច្ចការផ្ទះឲ្យកូនសិស្ស និងមេរៀនមួយចំនួន ដែលយើងត្រូវបន្តនៅក្នុងកម្មវិធីសិក្សារបស់យើង រហូតចប់កម្មវិធីសិក្សាប្រចាំឆ្នាំបាន បើសិនជាករណីកូវីដ១៩ មិនបានធូរស្បើយក្នុងប្រទេសកម្ពុជាក៏ដោយ»

សម្រាប់អ្នកគ្រូរបស់សាលាទ្រូវីស្សិនរូបនេះ ទោះបីជាការរៀនពីចម្ងាយតាមកម្មវិធី Wiki School ត្រូវបានអនុវត្តន៍ដើម្បីឲ្យសិស្សរៀនពីចម្ងាយយ៉ាងណាក៏ដោយ វាជាចំណុចមួយដែលទាមទារឲ្យឪពុកម្តាយ និងអាណាព្យាបាល ជួយបង្រៀនសិស្សបន្ថែម ចំពោះមេរៀនដែលគ្រូបានបង្រៀនតាមអនឡាញ គឺសុំឲ្យគាត់ជួយសហការពីផ្ទះទៅ។ និយាយជារួម ឪពុកម្តាយ និងអាណាព្យាបាល ត្រូវជួយតាមដានការរៀនរបស់សិស្សផងដែរ ទើបការអនុវត្តន៍កម្មវិធីបង្រៀន ពីចម្ងាយទទួលបានជោគជ័យ។

លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Cambodia ដែលជាក្រុមហ៊ុនបង្កើត Wiki School បានឲ្យដឹងថា Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។

លោកបន្ថែមថា ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនទៀតជាច្រើនផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត។

លោក ងន់ ម័រ បានបញ្ជាក់ថា «Wiki School ជាកម្មវិធីគ្រប់គ្រងសាលាបែបឌីជីថល ដែលអនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូអាចដាក់កិច្ចការផ្ទះ ឬការងារគម្រោងឲ្យសិស្សតាមកម្មវិធីទូរស័ព្ទដៃ ហើយអាចឲ្យសិស្ស មាតាបិតាសិស្សផ្ញើសារទៅគ្រូបង្រៀន ឬសាលារៀនដើម្បីសាកសួរព័ត៌មានផ្សេងៗ ហើយក៏អាចឲ្យសាលារៀនឬគ្រូបង្រៀនអាចផុសហ្វីតនៅក្នុងប្រព័ន្ធដើម្បីឲ្យសិស្ស មាតាបិតាសិស្សអាចទទួលព័ត៌មានព្រមទាំងអាចបញ្ចេញមតិ ឬអាចបញ្ចេញអារម្មណ៍ចូលចិត្តបានដែរ»។

លោកបន្តថា «សម្រាប់ថ្នាក់រៀនឌីជីថល (Digital Classroom) ជាវេទិកាឌីជីថលសម្រាប់គាំទ្រដល់ការរៀន និងបង្រៀនតាមប្រព័ន្ធការសិក្សាពីចម្ងាយ E-Learning។ ថ្នាក់រៀនឌីជីថលនេះ អាចឲ្យគ្រូបង្រៀនដាក់មេរៀនជាវីដេអូ សម្លេង ឬ PDF ទៅក្នុងប្រព័ន្ធ ហើយសិស្សអាចចូលយកមេរៀនបាន តាមកម្រិតថ្នាក់ដែលសាលាបានកំណត់តាមកម្រិតថ្នាក់»។

បើតាមលោក ងន់ ម័រ ថ្នាក់រៀនឌីជីថលក៏អាចឲ្យគ្រូបង្រៀនធ្វើការប្រឡង តាមប្រព័ន្ធអនឡាញបានដែរ ហើយអាចឲ្យលោកគ្រូ អ្នកគ្រូអាចបង្រៀនតាមសន្និសីទថ្នាក់រៀន (Class conference) ដែលអាចឲ្យគ្រូបង្រៀនអនឡាញ ហើយអាចឲ្យសិស្សចូលរួម និងអាចសួរសំណួរបានដែរ៕