(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានភាគហ៊ុន ប្រមាណ៦២៣ហ៊ុន ក្នុងចំណោមភាគហ៊ុនសរុប១លានហ៊ុន នៅក្នុងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលមានមូលដ្ឋានទៅទីក្រុងប៉េកាំង ប្រទេសចិន។
នេះគឺជា ការរួមជាលើកទីពីររបស់កម្ពុជា ក្នុងការបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី នៅអំឡុង៥០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានចូលរួមជាសមាជិកស្ថាបនិកក្នុងការបង្កើតធនាគការអភិវឌ្ឍន៍អាស៊ី (ADB) កាលឆ្នាំ១៩៦៦។
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការបង្កើត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នេះ ។ សេចក្តីព្រាងច្បាប់នេះមាន១១ជំពូក ៦០មាត្រា ដោយមានសមាជិកសភា ៩៣រូប លើ ៩៨រូបបានលើកដៃយល់ព្រម។
ការបង្កើតធនាគារ AIIB មានដើមទុនសរុបចំនួន ១០០ទ្រីលានដុល្លាអាមេរិក បែងចែកជា១លានភាគហ៊ុន ក្នុងនោះដើមទុនក្នុងតំបន់អាស៊ី មានចំនួន ៧៥% និងក្រៅតំបន់អាស៊ីមានចំនួន២៥%។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបោះទុនវិនិយោគចំនួន ៦២៣ភាគហ៊ុន ស្មើនឹង៦២,៣ លានដុល្លាអាមេរិក ត្រូវជា០,០៦៣៥% នៃដើមទុនសរុបនិងមានសិទ្ធិបោះឆ្នោតសរុបទៅតាមតម្រូវការចាំបាច់របស់ធនាគារនេះ។
កិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ឋអាស៊ីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាក្នុងឋានៈជាស្ថាបនិក នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូតំណាង៥៧ ប្រទេស៕