(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យលំនៅដ្ឋានក្រោយការសាងសង់សម្រាប់ប្រជាពលរដ្ឋក្រីក្រជាង ៥០០ គ្រួសារស្ថិតនៅក្នុងសហគមន៍អណ្តូង ក្នុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណង ដើម្បីឲ្យមានការសាងសង់លំនៅដ្ឋាន ស្របទៅតាមអ្វីដែលបានគ្រោងទុក ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរដែនដី និងប្រធានសហគមន៍ក្នុងតំបន់នេះ យកចិត្តទុកដាក់ពិនិត្យលើគុណភាពលំនៅឋាន ហើយអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលទៅស្នាក់នៅ តាមក្រុមនីមួយៗ ។
ក្នុងឱកាសនោះដែរ លោកប៉ា សុជាតិវង្ស បានមានថ្លែងថា នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរនឹងយកពលរដ្ឋនៅក្នុងសហគមន៍អណ្តូង ៤ ចំនួន ២៤៧ គ្រួសារ និងសហគមន៍ ៦ ចំនួន ២៧០ គ្រួសារ សរុប ៥១៧ គ្រួសារ ដើម្បីយកទៅរស់នៅក្នុងសហគមន៍អណ្តូងដែលកំពុងសាងសង់ ចំនួន ៣៣០ គ្រួសារក្នុងជំហានដំបូង ហើយគ្រួសារដែលនៅសេសសល់នឹងយកទៅរស់នៅពេលបន្ទាប់ ក្រោយពេលអង្គការ មណ្ឌលផ្លាស់ប្តូរ និងអភិវឌ្ឍន៍ហៅកាត់ថា PCL សាងសង់លំនៅដ្ឋានបានចប់តាមផែនការ។
លោកអភិបាលបានមានថ្លែងណែនាំ ឲ្យអាជ្ញាធរភូមិសង្កាត់ ធ្វើការស្រង់ស្ថិតិជាក់លាក់ សម្រាប់ពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅក្នុងសហគមន៍អណ្តូងទាំង ៦ សហគមន៍ ដើម្បីឲ្យដឹងថា អ្នកដែលកំពុងរស់នៅក្នុងសហមគន៍បច្ចុប្បន្នមានប៉ុន្មាន និងអ្នកដែលមិនរស់នៅក្នុងសហគមន៍មានប៉ុន្មាននាក់ ដើម្បីធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។
ជាមួយគ្នានេះដែរ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា អាជ្ញាធរនឹងចេញប័ណ្ណកម្មសិទ្ធិឲ្យ តែហាមមិនអោយ មានការលក់ដូរដី ក្នុងសហគមន៍អណ្តូងទាំង ៦ សហគមន៍ ដែលសាលាក្រុងចែកឲ្យ ហើយបើអស់ដី អស់ផ្ទះនោះ គឺរត់ទៅនៅក្នុងក្រុងវិញ ហើយរស់នៅអនាធិបតេយ្យទៀតមិនខានឡើយ ។
គួររំលឹកថា លំនៅដ្ឋាននេះសាងសង់ដោយអង្គការ មណ្ឌលផ្លាស់ប្តូរ និងអភិវឌ្ឍន៍ (PCL) រួមសហការជាមួយសាលារាជធានីភ្នំពេញ ក្នុងការកែប្រែជីវភាពពលរដ្ឋក្រីក្រ ឲ្យមានភាពប្រសើរឡើង។ពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍អណ្តូងទាំង ៦ ដែលត្រូវបានរាជរដ្ឋាភិបាលយកមកពីតំបន់មិនរៀបរយនៅក្នុងរាជធានីភ្នំពេញ បានយកមកឲ្យរស់នៅកំពុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕