(ព្រះវិហារ)៖ ប្រជាពលរដ្ឋមកពី០២ភូមិ នៃឃុំរបៀប ស្រុករវៀងមានចំនួន៦៥២គ្រួសារ ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុពី អាជ្ញាធរខេត្តព្រះវិហារ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការប្រចាំថ្ងៃ។ ពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
មន្រ្តីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា ចំនូនវិញ្ញាបនបត្រ ដែលត្រូវប្រគល់ជូននៅពេលនេះ រួមមាន៩៥៥ក្បាលដី ស្មើនឹង៣៦៧,៣៦ហ.ត ស្មើនឹង៦៥២គ្រួសារក្នុងនោះ ៖ ១/ ភូមិតាំងត្រក៤៨៣ក្បាលដី ស្មើនឹង១៣៤,៨១ហ.ត ស្មើនឹង៣៥៦គ្រួសារ និង២/ ភូមិរវៀងជើង៤៧២ក្បាលដី ស្មើនឹង៣០៣,៩១ហ.ត ស្មើនឹង៣០៤គ្រួសារ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ មាស សុភា លោក អ៊ុំ ម៉ារ៉ា និងលោក ឡុង សុវណ្ណ ក៏បានចូលរួមជាអធិបតីក្នុង ពិធីបើកការដ្ឋានកសាងផ្លូវ០១ខ្សែប្រវែង ៨.០០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦២ ដល់ភូមិស្វាយដំណាក់ ឃុំរមទម្យ ស្រុករវៀង ដោយប្រើប្រាស់ថវិការបស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងថ្នាក់ខេត្ត។
ពិធីនេះ បានប្រព្រឹត្តទៅនៅក្នុងភូមិស្វាយដំណាក់ ឃុំរមទម្យ ស្រុករវៀង និងមានប្រជាពលរដ្ឋចូលរួមប្រមាណ ១.០០០នាក់៕