(ភ្នំពេញ)៖ លោក ម៉ា ស៊ុនហួត នាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅម៉ោង១២៖០០នាទី យប់ ថ្ងៃទី១៣ ឈានចូល១៤ ខែមករា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន AZ Distribution Co., នឹងរៀបចំពិធីប្រគល់សិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។ ពិធីនេះនឹងត្រូវធ្វើឡើងនៅបញ្ជបង់ប្រាក់ផ្លូវជាតិលេខ៤តែម្តង។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលសិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤នេះ។
មន្រ្តីរូបនេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រងផ្លូវនេះវិញ អាជ្ញាធរនឹងដាក់សមត្ថកិច្ច ដើម្បីសម្រួលដល់ចរាចរណ៍ និងខិតខំថែរក្សាឱ្យបានល្អដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមជំរាបថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនAZ លើបញ្ហាផ្លូវជាតិលេខ៤ ចាប់ពីម៉ោង 00:00នាទី យប់ថ្ងៃនេះតទៅ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរលើផ្លូវជាតិលេខ៤ ដោយមិនមានការបង់ប្រាក់តទៅទៀត។ ក្រោយការប្រកាសនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចជាផ្លូវការមួយ ដោយលុបចោលកិច្ចព្រមព្រៀងលើការផ្តល់សេវាថែទាំ យកកម្រៃនិងជួសជុលផ្លូវជាតិលេខ៤ ជាមួយក្រុមហ៊ុន AZ តែម្តង៕
ពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ប្រជាពលរដ្ឋអ្នករស់នៅតាមកំណាត់ផ្លូវជាតិលេខ ៤ និង អ្នកធ្វើដំណើរទូទៅបានសាទរដល់ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចបញ្ឈប់អោយបង់លុយទាំងស្រុងលើការឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១២យប់ នេះតទៅ។
Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, January 13, 2016