(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់រោងចក្រសហគ្រាស និងកសិករ ឱ្យមានវិធានការត្រឹមត្រូវចំពោះបាញ់ថ្នាំសម្លាប់សត្វល្អិតនៅខាងក្រៅនិងខាងក្នុងបរិវេណអាគាររោងចក្រ សហគ្រាស ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សុខភាពកម្មករ បង្កឱ្យមានការដួលសន្លប់។
សេចក្តីណែនាំនេះមានគោលការណ៍ដូចជា៖
១.ចំពោះការបាញ់ថ្នាំសម្លាប់សត្វល្អិតខាងក្នុងអាគារផលិតកម្ម រឺឃ្លាំងស្តុកសម្ភារៈ រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន៖
- ត្រូវមានការសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់សេវាបាញ់ថ្នាំ
- បណ្តុះបណ្តាល បុគ្គលិក ពីរបៀបប្រាស់ប្រាស់សារធាតុសម្លាប់សត្វល្អិត
- រាល់ការបាញ់សម្លាប់សត្វល្អិត ត្រូវមានការជូនដំណឹងជាមុនដល់សហជីព ប្រតិភូបុគ្គលិក និងកម្មករ
- ធានាបានថា សារធាតុថ្នាំសម្លាប់សត្វល្អិតមិនឲ្យសាយភាយដល់កន្លែងធ្វើការ
- មានច្រកសុវត្ថិភាពការងារចេញពីអាគារផលិតកម្ម នៅពេលមានអាសន្ន
- សញ្ញាការពារសុខភាព សុវត្ថិភាព ហើយត្រូវសរសេរជាអក្សរខ្មែរងាយអាន និងយល់ និងដាក់ឲ្យត្រូវតាមកន្លែង
- អនុវត្តឲ្យបានខ្ជាប់ខ្ជាប់តាមប្រកាសលេខ ៣០៧កប/ប្រកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧ស្តីពីលក្ខខណ្ឌអនាម័យ និងសន្តិសុខការងារ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង។
២.ចំពោះការបាញ់ថ្នាំសម្លាប់សត្វល្អិតខាងក្រៅបរិវេណរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន
- អាជ្ញាធរមានសមត្ថកិច្ចត្រូវជូនដំណឹងដល់ប្រជាកសិករ ដែលមានស្រែចំការឲ្យដឹងមុន និងក៏ត្រូវជូនដំណឹងដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ចំពោះការបាញ់ថ្នាំលើដីស្រែចំការរបស់ខ្លួនផងដែរ។
- និយោជកត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈឲ្យទទួលបានដំណឹងពីការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះ។
- ករណីសារធាតុថ្នាំសម្លាប់សត្វល្អិតដាក់ស្រែត្រូវបានសាយភាយចេញមកតាមទិសលំហូរខ្យល់ និយោជកត្រូវបិទប្រព័ន្ធលំហូរខ្យល់ក្នុងអគារផលិតកម្ម និងផ្អាផលិតកម្មភ្លាម។
៣.ក្នុងករណីដែលមានឧបទ្ទវហេតុ កើតឡើង ដោយសារការបាញ់សម្លាប់សត្វល្អិតនិយោជក ត្រូវបើកប្រព័ន្ធលូខ្យល់ក្នុងអាគារផលិតកម្មក្នុងរយៈពេល២៤ម៉ោងគិតចាប់ពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃនិយោជិតចូលធ្វើការងារវិញ នៅថ្ងៃបន្តបន្ទាប់ដើម្បីធានាឲ្យបានពីសុវត្ថិភាព និងគ្រប់ពេលកម្មករចូលធ្វើការវិញត្រូវបើកប្រព័ន្ធលូខ្យល់ វិញឲ្យបានមុន៣០នាទី។
សេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើឡើងក្រោយពីក្រសួង ពិនិត្យឃើញថា ក្នុងរយៈពេលថ្មីៗនេះ និយោជក មួយចំនួនបានបាញ់សម្លាប់សត្វល្អិត ដើម្បីការពារសម្ភារៈ ចត្ថុ ធាតុដើម ផលិតផល និងកសិករដែលមានស្រែចំការនៅជិតរបងរោងចក្រ កាត់ដេរ និងស្បែកជើង បានបាញ់សម្លាប់សត្វល្អិតនៅក្នុងស្រែ ដោយមិនបានអនុលោមតាមលក្ខខណ្ឌបច្ចេកទេស បង្កឲ្យមានការសាយភាយសារធាតុគីមី ខណៈដែលកម្មករកំពុងធ្វើការ ជាមូលហេតុធ្វើឲ្យកម្មករ ដួលសន្លប់ជាញឹកញាប់៕