(ភ្នំពញ)៖ ក្រុមអ្នកជំនាញក្នុងការចិញ្ចឹមសត្វ និងដាំដុះបន្លែរបស់ក្រុមហ៊ុនអង្គរហ្គ្រីន ដែលជាក្រុមហ៊ុនក្នុងស្រុក ធ្វើការងារក្នុងវិស័យកសិកម្ម បានមើលឃើញថា ការចិញ្ចឹមសត្វ និងការដាំដុះបន្លែបង្ការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងកំលុងពេលមានការកើតឡើងនៃជំងឺកូវីដ១៩ មានសន្ទុះកើនឡើង។
ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក រស់ ឆាងគី ប្រធានតំបន់គ្រប់គ្រងខាងផ្នែកបច្ចេកទេសចិញ្ចឹមសត្វ របស់ក្រុមហ៊ុនអង្គរហ្គ្រីនឲ្យដឹងថា «ក្នុងស្ថានភាពនៃការកើតឡើងនៃជំងឺកូវីដ១៩ ការចិញ្ចឹមសត្វ មានសត្វជ្រូក, សត្វមាន់ សត្វទា របស់ប្រជាកសិករ មានការផុសផុលឡើង និងបង្កើនការចិញ្ចឹមច្រើន ដោយកសិករខ្លះពីមុនធ្លាប់តែចិញ្ចឹមមាន់ត្រឹមតែ១០០-២០០ក្បាលប៉ុណ្ណោះ ប៉ុន្ដែឥឡូវប្រជាកសិករ បានបង្កើនបរិមាណរហូតដល់៥០០ក្បាល»។
លោកបានបន្ដថា ការបង្កើតបរិមាណចិញ្ចឹមនេះ ដោយសារតែប្រជាកសិករ បានមើលឃើញពីឱកាស និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីក្រសួងកិសកម្ម ព្រមទាំងចាប់យកឱកាសពីស្ថានភាពដែលកម្ពុជា កំពុងតែត្រូវការស្បៀងអាហារជាចាំបាច់ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។
លោក ឆាងគី បន្ថែមថា ទោះបីជាបរិមាណនៃការដាំដុះដំណាំ របស់ប្រជាកសិករមានច្រើនពិតមែន ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា ដំណាំមានការស្ទះលើទីផ្សារឡើយ ហើយប្រសិនបើកសិករលក់មិនបានតម្លៃល្អ មកពីដំណាំពួកគាត់មិនត្រូវនឹងស្ដង់ដារ ប៉ុន្ដែបើកសិករអាចបំពេញស្ដង់ដារបានល្អសម្រាប់ទីផ្សារនោះសញ្ញានៃតម្រូវការ សាច់ បន្លែ នៅតែមានតម្រូវការខ្ពស់នៅឡើយ។
លោក ស៊ុន វុត្ថា នាយករងក្រុមហ៊ុនអង្គរហ្គ្រីន បានថ្លែងឲ្យដឹង «សម្រាប់កសិករចង់ពង្រីក និងចង់បង្កើនការដាំដុះ ព្រមទាំងធានាបាននៅទីផ្សារ ខ្ញុំសូមផ្ដល់យោបល់ឲ្យពួកគាត់ទាក់ទងមកអ្នកបច្ចេកទេស និងអ្នកជំនាញ ដើម្បីយល់ដឹងបន្ថែម ព្រមទាំងកាត់បន្ថយហានីភ័យ ទៅលើអ្វីដែលពួកគាត់ចិញ្ចឹម និងដាំដុះ។ មួយវិញទៀតកសិករគួរជ្រើសរើសពូជដាំដុះ នូវពូជណាដែលទីផ្សារគេត្រូវការ ចំណែកការចិញ្ចឹមសត្វត្រូវចិញ្ចឹមតាមលក្ខណៈស្ដង់ដារ ដែលទីផ្សារគេត្រូវការដូចគ្នា ហើយប្រសិនបើកសិករចង់បានការពិភាក្សា ក្រុមហ៊ុនអង្គរហ្គ្រីនជាដៃគូរដ៏ល្អ ក្នុងការប្រឹក្សាជូនប្រជាកសិករ»៕