(ភ្នំពេញ)៖ ក្រុមហ៊ុនកាពីតូល និងក្រុមអ្នករត់ម៉ូតូឌុប-ម៉ូតូកង់បី ដែលពឹកផ្អែកលើការអ្នកដំណើរចេញរថយន្តក្រុងនៅផ្សារអូរឫស្សី បានចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ច​ចាត់វិធានការទៅលើ អតីតអ្នកបើករថយន្តក្រុងកាពីតូលជាង៤០នាក់ និងសហជីពមួយចំនួនក្រុម ដែលតែងទៅតវ៉ារំខានដល់ការរកស៊ីរបស់ពួកគេ។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់ក្រុមហ៊ុនកាពីតូល និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (ក្រុមអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បី) បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអតីតអ្នកបើកបររថយន្តកាពីតូល និងសហជីពមួយចំនួនបានទៅតវ៉ាជាថ្មីនៅខាងមុខក្រុមហ៊ុនកាពីតូល នាសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីព្រឹកម្សិលមិញ រហូតដល់មានការប៉ះទង្គិចគ្នា ផ្អើលដល់អ្នកដំណើរនិង ប្រជាពលរដ្ឋដែល រស់នៅក្បែរនោះ។

ក្រុមហ៊ុនកាពីតូលបានបញ្ជាក់ថា ក្នុងការតវ៉ាកាលពីម្សិលមិញនោះ ក្រុមអតីតអ្នកបើកបររថយន្តកាពីតូល ដែលត្រូវបណ្តេញចេញ និងបុគ្គលមួយចំនួនដឹកនាំដោយសភាពការងារកម្ពុជា ប្រដាប់ដោយ​ដំបង​គ្រប់ដៃ បានសម្រុកចូលក្រុមហ៊ុនក្នុងចេតនាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្រុមហ៊ុន ហើយថាបើគ្មានការចូលរួមទប់ស្កាត់ពីក្រុមអ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុបភ្លាមៗទេនោះប្រហែលជាក្រុមហ៊ុន ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកសេចក្តីថ្លែងការណ៍របស់ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក៏បានចាត់ទុកថា ការតវ៉ារបស់ក្រុមអតីតអ្នកបើករថយន្តក្រុង និងសហជីពមួយចំនួនកាលពីម្សិលមិញនេះ គឺជាការវាយបំបែក​ឆ្នាំងបាយរបស់ពួកគេក្រោមរូបភាពញុះញង់ កុំឱ្យអតិថិជនប្រើប្រាស់សេវាក្រុមហ៊ុនកាពីតូល។

សមាគមនេះបានអះអាងថា ខ្លួននឹងមិនសុខចិត្តដាច់ខាត បើអាជ្ញាធរមានសមត្ថកិច្ច មិនព្រមចាត់វិធានការទៅលើអតីតអ្នកបើករថយន្តក្រុង និងសហជីពដែលធ្វើបាតុ​កម្មរំខានដល់ការ​រកស៊ីរបស់ពួកគេ។

សូមជំរាបថា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ក្រុមអតីតអ្នកបើករថយន្តកាពីតូល ដោយមានការចូលរួមពីសហជីពលោកអាត់ធន់ បានលើកគ្នាតវ៉ាជាថ្មីនៅខាងមុខក្រុមហ៊ុនកាពីតូល ដើម្បីទាមទារឱ្យថៅកែទទួលយកអតីតអ្នកបើកបរទាំងនោះចូលធ្វើការវិញ ឬផ្តល់ដំណោះស្រាយដល់ពួកគេ បន្ទាប់ពីបណ្តេញចេញជាច្រើនខែ។

អំឡុងនៃការតវ៉ានេះមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ានិងក្រុមអ្នករត់ម៉ូតូដែលរកស៊ីនៅទីនោះ ហើយសហភាពការងារកម្ពុជា ដែលគាំទ្រអតីត អ្នកបើករថយន្តក្រុង បានចេញសេចក្តីថ្លែងការណ៍​ដោយព្រមានថានឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទៀតប្រឆាំងនឹងក្រុមហ៊ុនកាពីតូល បើសិនគ្មាន ដំណោះស្រាយ។

ចំពោះរឿងអតីតអ្នកបើករថយន្តកាពីតូល ត្រូវបញ្ឈប់ពីការងារកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនកាពីតូលបានបញ្ជាក់ថា ដោយសារតែពួកគេដែល មានគ្នាប្រមាណ៤០នាក់ គឺជាជនល្មើសបានលួចកេង​ប្រវ័ញ្ញប្រាក់របស់ក្រុមហ៊ុន ហើយថាចំពោះរឿងនេះក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ក៏បានកាត់ក្តីសម្រេចឱ្យក្រុមហ៊ុនឈ្នះ ហើយបង្គាប់បដិសេធ​ចំពោះ​ការទាមទារ របស់អតីតអ្នកបើករថយន្តក្រុងកាពីតូលជាង៤០នាក់នោះផងដែរ៕


ក្រុមហ៊ុនកាពីតូល និងក្រុមអ្នករត់ម៉ូតូឌុប ស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើអតីតអ្នកបើកឡាន និងសហជីពដែលរំខានដល់ការរកស៊ី

Posted by Fresh News Photo on Wednesday, January 13, 2016