(កំពង់ធំ)៖ លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានជំរុញឲ្យមន្ត្រីមន្ទីរផែនការទាំងអស់ការធ្វើការសិក្សាស្រាវជ្រាវ កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំឱ្យបានឆាប់រហ័ស និងធ្វើអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រឱ្យបានចំគោលដៅ ដើម្បីឱ្យរាជរដ្ឋាភិបាលបានជួយសង្គ្រោះពូកគាត់ទាន់ពេលវេលា។
លោក ប៉ាន ប៊ុនធឿន បានថ្លែងយ៉ាងដូច្នេះនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីផែនការតាមបណ្ដាខេត្តចំនួន៦ ក្នុងនោះមានខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
លោក ប៉ាន ប៊ុនធឿន បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០ខាងមុខនេះ។
តាមរយៈយន្តការទី១ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ជាប្រព័ន្ធតាមជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ និងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ និងចូលរួមផ្ដល់ទិន្នន័យគ្រួសារក្រីក្រ កាន់តែពេញលេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាឬជំនួយនានាក្រោមគម្រោងនៃក្របខណ្ឌនយោបាយ ជាតិគាំពារសង្គម។
លោកបានបន្តទៀតថា ដើម្បីចូលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាលភាពមាតា និងទារកព្រមទាំងចូលរួមចំណែក កង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ក្នុងនោះដើម្បីជួយ សម្រួលជីវភាពប្រជាជន និងកាត់បន្ថយផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមាន ប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រដែលអនុវត្តតាមជុំនៃការប្រមូលផ្តុំទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រ ដោយជម្ងឺកូវីដ១៩។
លោក ចាន់ ដារ៉ា អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីការធ្វើធ្វើអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រឲ្យបានលឿន និងចំគោលដៅដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ស្ទើរតែទូទាំងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងបានរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារដោយសារជម្ងឺកូវីដ១៩ ដែលធ្វើឲ្យគ្រួសារក្រីក្រត្រូវការចាំបាច់នូវ ការអន្តរាគមន៍បន្ទាន់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩ ដើម្បីជួយស្ដារសេដ្ឋកិច្ចគ្រួសារក្រីក្រពិតប្រាកដ៕