(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានអះអាងថា ខ្លួនបានអន្តរាគមន៍បញ្ជូន ពលករខ្មែរម្នាក់ ដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក ស៊ុត ឌីណា អគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអះអាងនៅលើបណ្តាញ Facebook ថា លោកបានជួយចាត់ចែងលិខិត បើកផ្លូវ និងឧបត្ថម្ភថវិកាក្នុងការបញ្ជូនពលករខ្មែរមួយរូបដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងឱ្យត្រឡប់ទៅស្រុកខ្មែរវិញ។ ក្នុងនោះលោកបានជួលរថយន្តសង្រ្គោះបន្ទាន់របស់ពេទ្យមួយ ពីក្រុងសេអ៊ូលទៅព្រលានយន្តហោះអន្តរជាតិ អ៊ិនឆន់ និងបានចេញថ្លៃសំបុត្រយន្តហោះពីប្រទេសកូរ៉េមកកម្ពុជាផងដែរ។
ទោះជាយ៉ាងនេះក្តី អគ្គរាជទូតរូបនេះមិនបានបង្ហើបអំពីអត្តសញ្ញាណរបស់ពលករខ្មែរ ដែលមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរនេះនោះទេ។ ចំណែកមន្រ្តីក្រសួងការបរទេសក៏មិនទាន់បញ្ជាក់បានជុំវិញព័ត៌មានលម្អិតនៃរឿងនេះដែរ៕