(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញាតឲ្យសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ចូលជួបសំណេះសំណាល ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ក្នុងកិច្ចសំណេះសំណាលនេះ សមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់មួយចំនួន ដែលសមាជិកក្នុងសមាគម បានជួបប្រទះ ក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ទោះបីជាយ៉ាងណាក៏ដោយ សមាគមសហគ្រិនស្រ្តីកម្ពុជា ក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូ ពីបញ្ហារបស់សហគ្រិនកម្ពុជា ជាពិសេសសហគ្រិនស្រ្តី។
ក្នុងឱកាសនេះដែរ សមាគមសហគ្រិនស្រ្តីកម្ពុជា បានឧបត្ថម្ភអង្ករចំនួន១០តោន ជូនក្រសួងកិច្ចការនារី សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត ក៏ដូចជាប្រជាពលរដ្ឋ ដែលទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)៕