Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គរដ្ឋទូតអឺរ៉ុប សាទរចំពោះជំនួបជិត៥០នាទី រវាងសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា (Video inside)

11-05-2020 18:14

(ភ្នំពេញ)៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានចូលជួប លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានសាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅនេះ ដោយលោកស្រីជឿថាជារឿងវិជ្ជមានជាជំហានទី១ (positive first step)។

ក្រៅពីសាទរ ក្នុងជំនួបនេះ លោក កឹម សុខា និង លោកស្រីឯកអគ្គរដ្ឋទូតអឺរ៉ុប ក៏បានពិភាក្សាគ្នា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាម លោក មុត ចន្ថា។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅគេហដ្ឋានសម្តេចតេជោក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នោះ លោក កឹម សុខា បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមាណជិត៥០នាទី។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ទទួលបានការចាប់អារម្មណ៍ខ្ពស់បំផុតពីស្រទាប់មហាជនខ្មែរ។

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះដែរ លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួប លោក កឹម សុខា ព្រមទាំងបានសាទរចំពោះជំនួបជិត៥០នាទីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភាផងដែរ ហើយលោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញ នូវការគាំទ្រចំពោះការជួបនេះដោយចាត់ទុកថាជារឿងវិជ្ជមាន៕