(ស្វាយរៀង)៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀងថា រដ្ឋបាលស្រុករមាសហែក សូមច្រាលចោលព័ត៌មាន ទៅនឹងវិទ្យុអាស៊ីសេរី ចុះផ្សាយថាមានរថយន្តវៀតណាម ដឹកទំនិញជារៀងរាល់យប់ធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក ស៊ូ ម៉ុល បានឱ្យដឹងថា រដ្ឋបាលស្រុករមាសហែក នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ លោកបានដឹកនាំកម្លំាងចុះពិនិត្យករណី ដែលវិទ្យុអាស៊ីសេរី បានចុះផ្សាយ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នំា២០២០ ម្សិលមិញ បានផ្សាយថាមានរថយន្តវៀតណាម ដឹកទំនិញជារៀងរាល់យប់ធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅចំណុចខាងលើនេះ។
ចំពោះករណីនេះ លោក និងក្រុមការងារបានសាកសួរដោយផ្ទាល់ ជាមួយម្ចាស់ដីឡូឈ្មោះ សៅ ស៊ន ភេទប្រុស អាយុ៤១ឆ្នាំ ឃើញថាទីតំាង មានស្តុបធុងប្រេង ចំណុះ២០០លីត្រ ចំនួន១១៨ធុង ធុងប្រេងនេះ គឺបានដឹកយកមកពីក្រុមហ៊ុន «តាយ សេង» នៅក្រុងបាវិត ខេត្តស្វាយរៀង ធុងប្រេងនេះបានដឹកយកមកកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយម្ចាស់ទីតំាងដីឡូតិ៍ ឈ្មោះ សៅ ស៊ន ថាក្រុមហ៊ុនជំពាក់ប្រាក់ ដូច្នេះ គាត់ចំាបាច់ត្រូវធ្វើការកាត់កងយកវិញ។
សូមបញ្ជាក់ថា ធុងប្រេងនេះ មិនមែនដឹកមកពីប្រទេសវៀតណាមនោះទេ ចំពោះព័ត៌មានថា មានរថយន្តធុនធំដឹកទំនិញឆ្លងកាត់ផ្លូវនេះ ក៏ពុំមានដូចការលើកឡើង និងការចុះផ្សាយនោះដែរ ពីព្រោះផ្លូវនេះ ជាផ្លូវភ្លឺប្រឡាយតូច ហើយនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ទាំងភាគីវៀតណាម និងខាងកម្ពុជា បានបិទតំបន់ព្រំដែនហាមការចេញចូលក្នុងការ ការពារបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ៕