(បន្ទាយមានជ័យ)៖ ផ្ទះ១ខ្នង ក្រោមថ្មលើឈើ ដែលមានទទឹង៨ម៉ែត្រ បណ្តោយ២០ម៉ែត្រ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ ជាភ្នាក់ងារកាសែតកម្ពុជាថ្មី ប្រចាំខេត្តបន្ទាយមានជ័យ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់លោក អេម ពៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ភ្លើងឆេះចេញពីជាន់លើមួយសន្ទុះស្រាប់តែភ្លើងឆេះពេញបន្ទុក។ ស្របពេលនោះ មានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរ តែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។
ភ្លាមនោះដែរគេបានឃើញរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្តបន្ទាយមានជ័យ៥គ្រឿង មានកម្លាំងរបស់នគរបាលពន្លត់អគ្គីភ័យ កំលាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធាខេត្ត និងមន្ត្រីមូលដ្ឋាន ក្រុងសិរីសោភ័យ និងកម្លាំងសង្កាត់អូរអំបិល បានពួតដៃគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ។ ដោយសារកម្លាំងទឹកបាញ់ចេញពីរថយន្ត និងភ្លៀងធ្លាក់មកជួយបន្ថែមទៀត ធ្វើឲ្យភ្លើងស្រាកម្តងបន្តិចៗ ២ម៉ោងក្រោយមកទើបភ្លើងរលត់អស់ទាំងស្រុង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់ផ្ទះជិតខាងឡើង។
លោក អេម ពៅ បានបញ្ជាក់ឲ្យដឹងទៀតថា ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុង បើគិតជាទឹកប្រាក់ប្រហែលជាង ៥០០០០ដុល្លារអាមេរិក ក្នុងនោះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ភ្លើងឆេះនេះអាចទុស្សេខ្សែភ្លើង។
ក្រោយពីកើតហេតុហើយ ម្ចាស់បានតែអង្គុយមើលទ្រព្យសម្បត្តិដែលត្រូវភ្លើងស្ទើរតែសន្លប់បាត់បង់ស្មារតីទាំងប្តី និងប្រពន្ធ៕