(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធនៃក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ១០០គ្រួសារ។ កម្មវិធីនេះបានធ្វើឡើងនៅសាលាបឋមសិក្សាអ៊ុយ ស៊ើង ត្រាំសសរ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
លោក ជាវ តាយ បានបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តែងតែបានបំពេញបេសកកម្ម មនុស្សធម៌ រួមសុខរួមទុក្ខ រំលែកលំបាក ជាមួយប្រជាពលរដ្ឋ គ្រប់ពេលវេលាទូទាំងប្រទេស ពោលទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមជានិច្ច ដោយមិនបានរើសអើង ប្រកាន់ពណ៌សម្បុរ ឬពូជសាសន៍ឡើយ។
ជាក់ស្តែងស្ថិតក្នុងស្ថានភាពប្រទេសជាតិ និងពិភពលោករួមគ្នាប្រយុទ្ធ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩នោះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តែងបានចូលរួម ជាមួយអាជ្ញាធរសាធារណៈគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចុះដល់មូលដ្ឋានដើម្បីអប់រំផ្សព្វផ្សាយពីការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ និងផ្គត់ផ្គង់សម្ភារៈបរិក្ខារស្បៀងអាហារ ទំនុកបំរុងជូនដល់ប្រជាពលរដ្ឋ ដែលប្រឈមការខ្វះខាត ដោយមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់មិនបានដឹងនិងមិនបានដោះស្រាយឡើយ។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់អនុវត្តប្រកាន់ខ្ជាប់ អនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងសម្អាត ដៃដោយសាប៊ូ ឬទឹកអាកុល ដើម្បីរក្សាបាននូវសុខភាពល្អ ជៀសផុតការឆ្លងនៃវីរុសកូវីដ១៩ដ៏កាចសាហាវនេះ មកលើសង្គមគ្រួសារ និងសហគមន៍យើង ព្រោះជំងឺកាចសាហាវនេះនៅពុំទាន់ធូរស្បើយនៅឡើយទេនាបច្ចុប្បន្ន ក្នុងពិភពលោកយើងនេះ។
លោកអភិបាលខេត្ត ក៏បានសំណូមពរ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់បង្កបង្កើនផលកសិកម្ម ដាំដុះចិញ្ចឹមសត្វ ដើម្បីជួយដោះស្រាយសម្រាល ការខ្វះខាតក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ និងក្រើនរំលឹកណែនាំដល់សមាជិកគ្រួសារ ឲ្យចូលរួមអនុវត្តច្បាប់នានា របស់រាជរដ្ឋាភិបាលឲ្យបានល្អ ជៀសឲ្យផុតពីល្បែង អបាយមុខ គ្រឿងញៀន និងបើកបរត្រូវមានការប្រុងប្រយ័ត្ន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីសេចក្ដីសុខ និងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនោះ សរុបចំនួន១០០គ្រួសារ ក្នុងនោះមកពីស្រុកអង្គរជ័យចំនួន៥០គ្រួសារ និងស្រុកបន្ទាយមាស ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, អំបិល២គីឡូក្រាម, ទឹកសុទ្ធ១យួរ, ម្រេចម៉ត់១កញ្ចប់តូច និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាមួយចំនួនទៀតដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ និងក្រុមគ្រូពេទ្យផងដែរ៕