(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើដល់អភិបាលរាជធានី ខេត្ត ក្រុងទាំងអស់ ជួយសហការ និងតាមដាន ដំណើរការឲ្យបានជាប់ជាប្រចាំ ក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ មានភាពច្បាស់លាស់ និងពិតប្រាកដ សម្រាប់ការឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ។
ការថ្លែងបែបនេះ ក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីត-១៩
ដែលបានប្រារព្វធ្វើឡើង នាព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២០ នាសាលាខេត្តកែប។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក កែន សត្ថា អភិបាលខេត្តកែប, លោកអភិបាលរងខេត្ត, លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ, លោក លោកស្រី លោក លោកស្រី ជាប្រធានមន្ទីរផែនការ និងមន្ត្រីជំនាញ ដែលនឹងត្រូវបណ្តុះ បណ្តាលបន្ត និងចុះអនុវត្តផ្ទាល់តែម្តងដោយប្រើប្រាស់ Tablet មកពីមន្ទីរផែនការ ខេត្ត កែប, កំពត, ព្រះសីហនុ, កោះកុង, តាកែវ និងកណ្តាល។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងថា «ដោយសារពេលនេះ មានវត្តមានរបស់លោកអភិបាលខេត្ត ដូច្នេះខ្ញុំសូមស្នើលោកមេត្តាជួយសហការ និង តាមដានដំណើរការការងារនេះ ឲ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឲ្យបានប្រតិកម្ម ពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍ ដូចយើងទទួលបានបទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នាទទួលបានផលប្រយោជន៍ ពេលនោះចាប់ផ្តើមប្រតិកម្ម»។
លោកបន្ដទៀតថា «បើយើងទទួលបានលទ្ធផលល្អ និងមិនមានប្រតិកម្ម ជាពិសេសអន្តរាគមន៍ដែលបានផ្តល់ ដល់អ្នកដែលកំពុងអត់ពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និង ការកោតសរសើរយ៉ាងពិតប្រាកដ ដល់អាជ្ញាធរមូលដ្ឋាន និងខេត្តដែលអនុវត្តការងារប្រកបដោយតម្លាភាព»។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្តថា តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងផែនការបាននឹងកំពុងរៀបចំ ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល១៖ តំបន់ជនបទឲ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង២៖ តំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់ អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញ នូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។
លោកបានបញ្ជាក់ថា ដើម្បីសម្រេចបានលទ្ធផល ដូចបានជម្រាបជូន និង ពេលវេលាកំណត់ខាងលើ ពេលនេះ អគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ បានដំណើរការរៀបចំ វគ្គបណ្តុះបណ្តាលនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ សម្រេចបានទាំងចំនួន៤តំបន់ ក្នុងចំណោម៤តំបន់ (២៥រាជធានី ខេត្ត ក្រុង) ដែលនឹងគ្រោងបញ្ចប់នៅថ្ងៃស្អែកនេះ នៃការបណ្តុះបណ្តាលកម្រិតថ្នាក់រាជធានី ខេត្ត និង បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គឺលោក លោកស្រី លោក លោកស្រី ត្រូវបណ្តុះបណ្តាលបន្តទៅថ្នាក់ស្រុក និង ចុះអនុវត្តផ្ទាល់តែម្តងដោយប្រើប្រាស់ Tablets។
ថ្លែងផ្តាំផ្ញើដល់សិក្ខាកាម លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងថា យើងទាំងអស់គ្នា បានជ្រាបច្បាស់ហើយថា មកចូលរួមវគ្គបណ្តុះបណ្តាល នីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ គឺត្រូវរៀន ដើម្បីទទួលបានចំណេះ និង យកទៅបង្រៀនបន្ត ដូច្នេះ ដើម្បីទទួលបានចំណេះដឹង គឺត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និង ត្រូវសួរនៅពេលមានចំណុចណាដែលមិន ច្បាស់ ឬតាមមិនទាន់ មិនត្រូវសំងំទេ ព្រោះយើងបានចំណាយ ទាំងពេលវេលា និង ថវិកាច្រើន ដើម្បីបណ្តុះបណ្តាល និង រង់ចាំលទ្ធផលទិន្នន័យបច្ចុប្បន្នភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប្រើសម្រាប់ផ្តល់អន្តរាគមន៍ ហើយប្រជាជនក្រីក្រ និង អ្នកដែលបានរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ក៏កំពុងទន្ទឹងរង់ចាំជំនួយឧបត្ថម្ភយ៉ាងអន្ទះសា។
ជាមួយនេះដែរ សម្រាប់គ្រូឧទ្ទេស ទោះបីយើងមិនមែនជាគ្រូអាជីព មានគរុកោសល្យក៏ដោយក៏យើង ត្រូវយល់ពីកម្រិតនៃសិក្ខាកាម ដោយមិនត្រូវចេះតែសូត្រៗ និង បង្ហាញៗឲ្យគ្រប់ម៉ោងនោះទេ គឺត្រូវសួរបញ្ជាក់ថា ទាន់ ឬមិនទាន់ និង ត្រូវបញ្ជាក់ជូនឲ្យច្បាស់ៗដល់សិក្ខាកាម៕