(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ប្រចាំខែមករា ឆ្នាំ២០១៦ ដោយកិច្ចប្រជុំនេះលោកអភិបាល បានដាក់ផែនការបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងបន្តប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសគោលបំណងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យចំណុះ ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលទាំង១៣ ប្រធានភូមិ អនុប្រធានភូមិ និងជំនួយការភូមិទាំង៨៧។
នៅកិច្ចប្រជុំនេះ លោក នុត ពុធដារ៉ា បាន ណែនាំដល់អង្គប្រជុំលើការងារមួយចំនួនរួមមាន៖ ពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ចំពោះការធ្វើវេទិកាសាធារណៈនៅតាមបណ្តាសង្កាត់ ឲ្យបានជាប់ជាប្រចាំ និងការបង្ក្រាបឲ្យបាននូវរាល់បទល្មើសនានា ជាពិសេសបទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាល ក៏បានផ្សព្វផ្សាយដល់អង្គប្រជុំទាំងមូលអំពីការយកចិត្តទុកដាករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ បានធ្វើការសម្រេច លើការងារសំខាន់ៗដូចជា៖
1- បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រើប្រាស់យានយន្តទិញ តពីគេមិនបាច់កាត់ឈ្មោះ និងមិនត្រូវបង់សេវាអ្វីទាំងអស់។ បងប្អូនអាចបន្តប្រើឯកសារ និងស្លាកលេខយានយន្តដែលកំពុងមានស្រាប់ជាបន្តទៅទៀត។
2- ការលើកលែងបង់ពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ០៣ប្រភេទ គឺផ្ទេរពីជីដូនជីតាទៅចៅបង្កើត ពីឪពុកម្តាយទៅកូនបង្កើត និងពីប្តីទៅប្រពន្ធ ឬប្រពន្ធ ទៅប្តី
3- ចាប់ពីខែមេសា ឆ្នាំ២០១៧ តទៅ ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បណ្តាញអគ្គិសនីរបស់រដ្ឋ ត្រូវគិតតម្លៃត្រឹម ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងការប្រើប្រាស់ក្រោម ៥០គីឡូវ៉ាត់ម៉ោង ចុះក្រោម។
4- ការកំណត់ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យទីតាងសម្រាប់ពិនិត្យបច្ចេកទេសរថយន្ត (ឆៀក) ឲ្យបានច្រើនកន្លែងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ
ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អធិការដ្ឋាននគរបាលខណ្ឌ ក្នុងការបង្ក្រាបបទល្មើស ចំនួន ០២ករណី ថវិកា ៨០០.០០០រៀល៕