(ក្រចេះ)៖ អំណោយមនុស្សធម៌ និងថវិកា របស់លោក ឆាន សាផាន់ រដ្ឋលេខធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានលោក ខណ្ឌ ចំណាន អភិបាលរងខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចាស់ជរាចំនួន ១០០គ្រួសាររស់នៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ខណ្ឌ ចំណាន បានឱ្យដឹងថា អំណោយដែលយកចែក ជូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុង១គ្រួសារ ទទួលបានអង្ករចំនួន១០គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀល។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមឱ្យបន្តរស់នៅប្រកបអនាម័យល្អ ដោយលាងសំអាតដៃជាប្រចាំ និងប្រកាន់ខ្ជាប់ នូវការរស់នៅស្អាត ហូបស្អាត និងពិសារទឹកស្អាត ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងអំឡុងពេលដែលជំងឺ COVID-19 បានឆ្លងរីករាយរាលដាលពាសពេញពិភពលោក ទោះបីពេលនេះ ស្ថានភាពជំងឺ COVID-19 នេះ មានការស្ងប់ស្ងាត់ក៏ដោយ។
លោក ខណ្ឌ ចំណាន បានឱ្យដឹងថា សម្រាប់ខេត្តក្រចេះ មិនមានអ្នកឆ្លងនេះ ក៏ប៉ុន្តែតែត្រូវបន្តពង្រឹងការអនុវត្តន៍ តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលបន្តទៀត ចៀសវាងការផ្ទុះឡើងម្តងទៀត ជាលើកទី២ ប្រសិនបើបងប្អូនមានការធ្វេសប្រហែស។
លោកបានលើកឡើងថា ទោះបីអំណោយដែលផ្តល់ជូននាពេលនេះ តិចតួចក្តីតែអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបងប្អូនបានមួយរយៈផងដែរ ហើយក៏បានអំពាវនាវដល់បងប្អូនសប្បុរស ជួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះសុខភាព និងជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឬសហគមន៍របស់យើង អំពីការឆ្លងនៃជំងឺកូវីដ-១៩៕