(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋរស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ បានរាយការណ៍មកអង្គភាព Fresh News ថា «បឹងរទាំង» បាននិងកំពុងក្លាយជាកម្មសិទ្ធិឯកជនបណ្តើរៗ ក្រោមការឃុបឃិតគ្នារវាងឈ្មួញអ្នកមានលុយ និងមន្រ្តីអាជ្ញាធរមួយចំនួន ដោយបើកដៃឱ្យបឹងមួយនេះត្រូវបានអនុញ្ញាត ឱ្យពួកគេរំលោភចាក់ដី ខ្សាច់ពុះ យកជាកម្មសិទ្ធិផ្ទាល់យ៉ាងឆ្ងាញ់មាត់។
អ្នកស្រុកសុំមិនបញ្ជេញឈ្មោះនិយាយថា ដើមឡើយដីបឹងនេះមានទំហំធំ ហើយក្រុមប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចលើផ្ទៃបឹង ដោយព្រលឹត ត្រកួន រាវខ្យង ក្ដាម មួយរស់ៗតដូនតាមកហើយ ស្រាប់តែមួយរយៈចុងក្រោយនេះបែរជាឃើញគេចាក់ដីជាបណ្ដើរៗហើយ។
អ្នកភូមិថា ពួកគាត់កន្លងទៅធ្លាប់លើកគ្នាមកតវាម្ដងជាពីរដងហើយ រឿងអ្នកមានលុយយកដីបឹងបែបនេះ ដោយពួកគេចាក់ដីចាក់ខ្សាច់លុបបឹង ដោយពុះចែកគ្នាយ៉ាងសប្បាយរីករាយ រីឯពលរដ្ឋក្រីក្របានតែទឹកភ្នែក ព្រោះបឹងធ្លាប់អាស្រ័យផល ផ្ញើជីវិតបែរជាក្លាយទៅជាដីគេបន្តិចម្ដងៗយ៉ាងដូច្នេះ។
អ្នកភូមិម្នាក់ ឈ្មោះ យ.វ ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ដែរថា «ពួកគាត់ស្ដាយណាស់ពេលឃើញគេចាក់លុបដីបឹងចឹង ហើយពលរដ្ឋសាមញ្ញមិនហ៊ានជាមួយគេទេ មានតែសុំខាងលើឱ្យជួយមើលផង»។
អ្នកភូមិស្នើសុំលោកអភិបាលខេត្ត និងថ្នាក់លើទាំងអស់ មេត្តារួសរាន់ទប់ស្កាត់ផង ព្រោះដីបឹងបើទុកយូរជាងនេះទៀត ពិតជាបាត់បង់អស់១០០% មិនខាន ខណៈនៅសល់ខ្លះដែលគេពុំទាន់ចាក់លុបអស់នៅឡើយ។
ជុំវិញបញ្ហានេះលោក មាន ណាត មេឃុំភូមិធំ មិនអាចស្នើការផ្ដល់ព័ត៌មានលម្អិតបានទេ ដោយសារមិនអាចទាក់ទងតាមរយៈលេខទូរស័ព្ទបាននោះទេ។
រីឯលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានឆ្លើយតបមកកាន់អ្នកយកព័ត៌មាន Fresh News នាថ្ងៃទី១១ ខែឧសភានេះថា តាមពិតទីតាំងនេះមិនមែនជាដីបឹងទេ តែជាខ្សែផ្លូវទឹក ហើយដីទាំងអស់នោះជារបស់ឯកជនទេ មិនមែនបឹងសាធារណៈនោះទេ។
ចំពោះករណីនេះដែរ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានរៀបរាប់ថា ដីនេះពីមុនជាពោះបាតបឹងដែលជាខ្សែ ផ្លូវទឹកចេញចូល ហើយពលរដ្ឋខ្លះមានប្លង់ស្លាបមាន់ ហើយខ្លះពុំមានប្លង់ទេ ប៉ុន្តែស្រាប់តែបន្ទាប់ពីការចាក់លុបដោយគម្រោងអភិវឌ្ឈន៍របស់ក្រុមហ៊ុនឯកជនរួចមក បានបិទផ្លូវទឹកចេញ-ចូល ទើបបានជាតំបន់នេះក្លាយជាទឹកដក់ ទឹកមិនអាចហូរចេញ។ លោកថា លោកធ្លាប់បានចុះដោះស្រាយបញ្ហាវិវាទនេះផងដែរ ហើយការដាក់ដីលុបបឹងត្រូវបានផ្អាកសកម្មភាពហើយដែរ រង់ចាំការដោះស្រាយជាក្រោយម្ដងទៀតសិន។
ចំពោះករណីរសើបនេះ លោក កេត ផល ប្រធានភូមិបាលស្រុកកៀនស្វាយ បានឆ្លើយប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលថា «តំបន់នេះលោកពុំទាន់ច្បាស់លាស់ទេ ជុំវិញថាមានប្លង់ឬមិនមាននោះ ដោយរង់ចាំស្រាវជ្រាវមើលសិន» ។
ចំពោះករណីនេះ ក្រុមប្រជាពលរដ្ឋនៅតែទទូចសុំឱ្យអាជ្ញាធរខេត្ត និងថ្នាក់ក្រសួង សិក្សាឱ្យបានច្បាស់ជុំវិញករណីដីបឹង ព្រែក អូរសាធារណៈ ប៉ុន្តែជាក្លាយជារបស់ឯកជន តាមរយៈការឃុបឃិតគ្នារបស់អាជ្ញាធរមួយចំនួន ខណៈនៅតំបន់នេះមានភូមិជាប់ព្រុំប្រទល់នឹងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយដីបានឡើងថ្លៃកាន់តែខ្លាំងឡើងៗ ទើបបញ្ហាដណ្ដើមយកដីបឹងជាកម្មសិទ្ធិ។
សូមរម្លឹកថា ក្នុងលិខិតផ្លូវការមួយរបស់ក្រសួងធនធានទឹក ឧតុនិយម លេខ៧០៤ ធ.ទ.ឧ កាលពីថ្ងៃពី៨ ខែឧសភា ឆ្នាំ២០២០ បានជូនដំណឹងដល់អាជ្ញាធរគ្រប់ខេត្ត ក្រុងទាំងអស់ទូទាំង ត្រូវទប់ស្កាត់រាល់ការរំលោភ ការចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួរ ដោយយោងលើអនុក្រឹតលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងអាងទន្លេ៕