(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនសង្ស័យរួមនឹងថ្នាំញៀនជាង១គីឡូក្រាម ទៅតុលាការខេត្ត បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីវេលា១៥៖៤៥នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះជួលចំណុចក្រុមទី៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វរសេនីយ៍ទោ សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ លី អ៉ីសា ហៅ ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៦ភូមិ/សង្កាត់វត្តគរ ក្រុងបាត់ដំបង និងរឹបអូសបានវត្ថុតាងមាន៖ ម៉ាទឹកកក១៥ថង់ ស្មើនឹង១,០២៧.៥៧ក្រាម ម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត។
នាយការិយាល័យបានបញ្ជាក់ថា បន្ទាប់ពីបានចម្លើយសារភាពជនសង្ស័យហើយ លោកឧត្តមនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕