(ភ្នំពេញ)៖ ការសាងសង់ទំនប់វារីអគ្គិសនី «ដន សាហុង» របស់ឡាវ នៅតែជាបញ្ហាក្តៅ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា គណ:កម្មការ ទន្លេមេគង្គ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះក្រោមការដឹកនាំរបស់លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ ២០១៥-២០១៦។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក ដែលចូលរួមកិច្ចប្រជុំនេះបានថ្លែងថា «ប្រទេសកម្ពុជា ថែ និងវៀតណាម ព្រមទាំង បណ្តាប្រទេស និងស្ថាប័ន ដែលជាដៃគូសហប្រតិបត្តិការរបស់មេគង្គ សុទ្ធតែបានសំដែងនូវការព្រួយបារម្ភ ពីការជះឥទ្ធិពលអវិជ្ជមាន ដោយសារការសាងសង់ទំនប់វារីអគ្គិសនី នៅលើទន្លេមេគង្គមេ រួមទាំងគម្រោង ដន សាហុង ផងដែរ»។
បើតាមលោក ចាន់ យុត្ថា កិច្ចប្រជុំបានអំពាវនាវឲ្យមានការសិក្សាឡើងវិញ ឲ្យបានហ្មត់ចត់អំពីផលប៉ះពាល់នានា ពិសេសផលប៉ះពាល់ ឆ្លងដែនមុននឹងឈានទៅដល់ការសាងសង់។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនី ដន សាហុង មានកម្រិត២៦០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេស កម្ពុជា។ វាគឺជាទំនប់វារីអគ្គិសនីដែល កៀកនឹងប្រទេសកម្ពុជាបំផុត។ ហើយបើយោងតាមការស្រាវជ្រាវ ដោយក្រុមអង្គការសង្គមស៊ីវិល កន្លងទៅបានឲ្យដឹងថា ទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ជាង៦លាននាក់ដែលរស់នៅ ជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
បន្ថែមពីនោះដែរ ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក៏នឹងបង្កឲ្យមានផលប៉ះពាល់ដល់ធនធានត្រីនិងបង្កវិនាសកម្មដល់ ជីវចម្រុះ និងធ្វើឲ្យអន្តរាយដល់ជីវិតរស់នៅ របស់សត្វផ្សោតដ៏កម្រនៅកម្ពុជាផងដែរ៕