(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ១០០គ្រួសារ រួមជាមួយនឹងអំណោយរបស់ក្រុមហ៊ុន តាន់ គីមអេង។
ប្រជាពលរដ្ឋទាំង១០០គ្រួសារ មកពី៣ភូមិមាន៖ ភូមិគោកលៀប, ភូមិបែនចាន និងភូមិឈូក នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
ថ្លែងនាឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយ៉ាងខ្លាំង ពីសុខទុក្ខបងប្អូនពលរដ្ឋ ពិសេសក្នុងតំណាក់កាល នៃការរាតត្បាតជំងឺកូរូណា ឬកូវីដ១៩ ដែលបានធ្វើឲ្យបងប្អូនមួយចំនួន បានរងផលប៉ះពាល់ ដោយសារតែជំងឺនេះ។
ដោយមើលឃើញពីបញ្ហានេះ ប្រមុខថ្នាក់ដឹកនាំ តាមរយៈនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី បានចាត់ក្រុមការងារចុះជួយ ដល់បងប្អូនពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះខាតស្បៀង។
លោកបានបញ្ជាក់ថា នេះគឺជាការគិតគូរយ៉ាងខ្លាំង របស់ថ្នាក់ដឹកនាំ ទៅលើបងប្អូនពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនដែលចេញបងប្អូនឡើយ ទន្ទឹមនឹងនោះដោយសារជំងឺកូវីដ១៩ នៅតែជាក្តីបារម្ភរបស់ពិភពលោក។
លោកថា នៅកម្ពុជាត្បិតបើមានអ្នកជាសះស្បើយច្រើនក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសឡើយ ពោលគឺត្រូវរក្សាវិធានការការពារ និងអនាម័យទាំងអស់គ្នា និងត្រូវរួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺឲ្យរលាយសាបសូន្យពីកម្ពុជា ដែលទាមទារឲ្យមានការចូលរួមពីបងប្អូនទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយដែលបានចែក ជូនពលរដ្ឋទាំង១០០គ្រួសារនោះ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ទឹកត្រី ទឹកស៊ីអ៉ីវ ស្ករស រួមនឹងថវិកាចំនួន២ម៉ឺនរៀល៕