(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ត្រូវធ្វើការបណ្ដុះបណ្ដាល ទៅលើមន្ត្រីជំនាញ នៅតាមក្រុងស្រុកទាំងអស់ លើបញ្ហាសមត្ថភាព ប្រសិទ្ធភាពការងារ ខណៈដែលមន្ត្រីមួយចំនួន សមត្ថភាពនៅមានកម្រិតនៅឡើយ ហើយពិសេសមានការខ្វះខាតមន្ត្រីបច្ចេកទេស ដូច្នេះត្រូវគិតគូរ និងបណ្ដុះបណ្ដាលឱ្យបានល្អប្រសើរឡើង។
លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះ នៅកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានបើកកិច្ចប្រជុំ ធ្វើការសម្របសម្រួល និងធ្វើការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនទៀត របស់មន្ទីរអង្គភាពជុំវិញខេត្ត។
អង្គជុំនុំនេះក៏បានលើកឡើង ពីបញ្ហានានាចំពោះសេវាជូនសាធារណៈជនផងដែរ ខណៈអភិបាលខេត្តកណ្ដាល បានប្រាប់ឱ្យមន្ទីរមួយចំនួន ដែលមិនទាន់បានផ្ដល់សេវានានា ចូលអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ហើយមន្ទីរទាំងអស់ត្រូវឈប់ទទួលពាក្យស្នើសុំ ដោយទុកជូនអង្គភាពច្រកចេញ-ចូលតែមួយ ធ្វើការនេះបានហើយ ដើម្បីប្រសិទ្ធភាពការងាររហ័ស និងច្បាស់លាស់ជាងមុន ។
ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាព ខ្វះខាតនៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន។
ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់លោក- លោកស្រី លោកឧកញ៉ា និងសប្បុរសជននានា សូមចូលរួមជាមួយការងារមនុស្សធម៌ តាមរយៈកាកបាទ ក្រហម កម្ពុជាខេត្តកណ្តាល ក្រោមប្រធាបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីផ្ដល់ជំនួយដល់ជនក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុង ទឹកដីខេត្តកណ្ដាល៕