(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចដកហូតសិទ្ធិគ្រប់គ្រង ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution Co,Ltd មកវិញ បានសេចក្តីថាប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយចាំបាច់បង់ប្រាក់ទៀតនោះទេ ចាប់តាំងពីម៉ោង១២យប់ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះតទៅ បានធ្វើប្រជាពលរដ្ឋ ដែលទទួលបានព័ត៌មាននេះ បានសម្តែងនូវក្តីរីករាយជាអនេកចំពោះចំណាត់ការដ៏មានប្រសិទ្ធិភាពនេះ។

ទាំងប្រជាពលរដ្ឋដែលរស់នៅ អមផ្លូវជាតិលេខ៤ និងប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តាលទីកន្លែងផ្សេងៗ សុទ្ធតែបានសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាល ហើយពួកគាត់អះអាងថា ការដោះស្រាយរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ បានជួយរំលែកនូវបន្ទុក នៃជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ឲ្យកាន់តែបានធូរធារឡើង ពិសេសជួយសំរួលដំណើរឆ្លងកាត់របស់ពួកគាត់ ដោយមិនចាំបាច់ ឈប់នៅ តាមបញ្ជបង់ប្រាក់ដូចមុននោះឡើយ។

អ្នកស្រី ជា ចិន្តា ប្រជាពលរដ្ឋមួយរូប ដែលរស់នៅខេត្តកំពត បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង នៅពេលដឹងដំណឹងថា ផ្លូវជាតិលេខ៤​ ឈប់យកលុយ​ពីការធ្វើដំណើរឆ្លងកាត់នេះ ដោយអ្នកស្រី បានថ្លែងអំណរគុណចំពោះ សម្តេចតេជោដែលកន្លងមកក៏ដូចជាពេលនេះ តែងដោះស្រាយបញ្ហាលំបាក នានាជូនប្រជាពលរដ្ឋ។
 
ដោយឡែកប្រជាពលរដ្ឋ ដែលឆ្លងកាត់នៅលើផ្លូវជាតិលេខ៤ជាច្រើននាក់ តាមរយៈវីដេអូ ដែលបង្ហោះនៅក្នុង ​Facebook Page ផ្លូវការរបស់សម្តេចតេជោ ពួកគាត់បាននិយាយប្រហាក់ប្រហែលគ្នាថា ការសម្រេចរបស់រាជរដ្ឋាភិបាល លុបចោលកិច្ចសន្យាជាមួយ ក្រុមហ៊ុន AZ នេះជាទង្វើដ៏ត្រឹមត្រូវបំផុត ដែលបានសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលមិនមានជីវភាពធូរធារ អាចជួយពួកគាត់បានមួយកំរិតផងដែរ។

ប្រជាពលរដ្ឋទាំងនោះបានបន្តទៀតថា ពួកគាត់គ្មានអ្វីក្រៅពីជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម ឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ បន្តដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនទៅមុខបន្ថែមទៀត។

ចំណែកឯអ្នកលេង Facebook វិញ នៅពេលទទួលបានដំណឹងនៃការបញ្ចប់ការយកលុយនៅផ្លូវជាតិលេខ៤នេះ ពួកគាត់បាន Share និង Comment យ៉ាងច្រើងដោយសរសេរថា «សូមស្វាគមន៍ចំពោះ ចំណាត់ការនេះ និងសូមអរគុណសម្តេចតេជោ ហ៊ុន សែន»។

ជាមួយគ្នានេះដែរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងកោតសរសើរ និងគាំទ្រចំណាត់ការភ្លាមៗរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតយកសិទ្ធិកាន់កាប់ ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution Co.,Ltd មកវិញគ្រប់គ្រង វិញនេះ។ លោកថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ហាក់កាន់តែយល់ចិត្តប្រជាពលរដ្ឋ កាន់តែច្រើនហើយ។

លោក សុន ឆ័យ បានលើកឡើងថា «រាជរដ្ឋាភិបាលឥឡូវ លោកហាក់ដូចជា យល់ចិត្តប្រជាពលរដ្ឋកាន់តែច្រើន ហើយលោកបាន ចាត់វិធានការភ្លាមៗ ដើម្បីសម្រួលដល់ជីវភាព ប្រជាពលរដ្ឋ» «ខ្ញុំគាំទ្រទាំងស្រុង យើងបានទះដៃ អបអរសាទរទាំងអស់គ្នានៅក្នុង រដ្ឋសភា»។

សូមបញ្ជាក់ថា មុននឹងឈានដល់ការដកហូតយកសិទ្ធិកាន់កាប់ផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ Distribution Co.,Ltd ត្រឡប់មកវិញ នោះ នាថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដកហូតសិទ្ធិកាន់កាប់ផ្លូវពីក្រុមហ៊ុនឯកជន មួយចំនួនជាបន្តបន្ទាប់ដែរ ក្នុងនោះមានផ្លូវ ២០០៤ និង ផ្លូវវេងស្រេងជាដើម៕

ពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤

ប្រជាពលរដ្ឋអ្នករស់នៅតាមកំណាត់ផ្លូវជាតិលេខ ៤ និង អ្នកធ្វើដំណើរទូទៅបានសាទរដល់ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចបញ្ឈប់អោយបង់លុយទាំងស្រុងលើការឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១២យប់ នេះតទៅ។

Posted by Samdech Hun Sen, Cambodian Prime Minister on Wednesday, January 13, 2016