(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រីនគរបាលចរាចរណ៍ ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។
នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី អគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «ករណីនេះត្រូវបានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង គឺយានយន្ដទាំងអស់ដែលត្រូវត្រួតពិនិត្យ គឺជាយានយន្ដដែលប្រព្រឹត្តល្មើសហើយ [...] យើងមិនអនុញ្ញាតឲ្យឃាត់ដាច់ខាត ប្រសិនបើមិនរកឃើញមានបទល្មើសជាក់ស្ដែងណាមួយ»។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ប្រសិនបើនៅពេលមានអំពើល្មើសណាមួយ ហើយត្រូវសមត្ថកិច្ចឃាត់នោះ គឺសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យឯកសារផ្សេងៗ ដែលច្បាប់តម្រូវឲ្យមាន។ ប្រសិនបើអ្នកបើកបរខ្វះកន្លែងណាមួយ ដែលកំណត់ឲ្យផាកពិន័យ នោះមន្ដ្រីនគរបាលចរាចរណ៍ នឹងបូកអំពើល្មើសចូលគ្នាហើយពិន័យទាំងអស់តែម្ដង។
បើតាមនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទិសដៅចំនួន៨ចំណុច ដែលជាទិសដៅសម្រាប់ការអនុវត្តបន្ដ រួមមានទាំងការងារដឹកនាំបញ្ជា, វិធានការល្បាត និងវិធានត្រួតពិនិត្យជាក់ស្ដែងទាំងពេលថ្ងៃ ពេលយប់ ដែលការងារនេះ ត្រូវធ្វើយ៉ាងម៉ឹងម៉ាត់ និងមានភាពទទួលខុសត្រូវ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងទៀតថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនេះ គឺត្រូវតែបង្កើនឲ្យខ្លាំងខ្លាបន្ថែមទៀត រហូតទាល់តែសម្រេចឲ្យ បាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឲ្យមានការគោរពច្បាប់កាន់តែផុលផុស ហើយធានារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស។
គួរជម្រាបថា ក្រោយដាក់ចេញវិធានការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០% ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩។
ចំណុចកត់សម្គាល់នោះ គឺអ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕