(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីកុំឲ្យមានរលកទី២ កើតមានឡើងក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដែលយើងរៀបអាពាហ៍ពិពាហ៍ ឬរៀបចំពិធីផ្សេងៗ ក្រសួងសុខាភិបាល នៅតែអំពាវនាវហើយអំពាវនាវទៀត ប្រសិនបើយើងផ្អាកបាន យើងអាចពន្យារពេលបាន វាគឺជាការល្អ។​ ដោយសារយើងបានលឺហើយ អង្គការសុខភាពពិភពលោក ទើបតែបានលើកឡើងអម្បាញ់មិញនេះទេ ព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតមានហានិភ័យនៅឡើយទេ យើងមិនទាន់រួចចាកផុតពីការវាយលុកនៃកូវីដ១៩ នៅឡើយទេ»

លោកស្រីបានបន្តថា «ថ្វីត្បិតតែ យើងអាចនិយាយបានថារលកទី១របស់យើង យើងគ្រប់គ្រងបានល្អប្រសើរក៏ពិតមែន យើងមិនទាន់រកឃើញករណីថ្មីក៏ពិតមែន អ្នកជំងឺបានជាសះស្បើយពីជំងឺជិត១០០ភាគរយក៏ពិតមែន ហើយយើងមិនមានអ្នកស្លាប់បាត់បង់ជីវិតក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា កូវីដ១៩ បានចាកចេញពីកម្ពុជាហើយនោះទេ»

បើតាមលោកស្រី ឱ វណ្ណឌីន អ្វីដែលសំខាន់ទៀតនោះ ប្រជាពលរដ្ឋកម្ពុជាយើងត្រូវដឹងថា យើងបានឆ្លងផុតដំណាក់កាលហៅថាហាំមើរ ហើយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលមួយថ្មីទៀត ហៅថាដាន់ស៍ ដែលជាដំណាក់កាលមួយ ត្រូវចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

លោកស្រីថ្លែងរំលឹកថា ពីមុនកម្ពុជាស្ថិតនៅក្នុងដំណាក់កាលហាំមើរមានន័យថា យើងបានដាក់នូវរាល់វិធានការនានា ប្រៀបបីដូចជាយើងដំដែកគោល ម្តងហើយម្តងទៀត រិះរកគ្រប់វិធីទាំងអស់ ធ្វើយ៉ាងម៉េចរកឲ្យឃើញអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ ដើម្បីយកមកព្យាបាល និងដាក់ដោយឡែកពីគេ កុំឲ្យបុគ្គលនោះចម្លងទៅអ្នកដទែទៀត។ លោកស្រីថ្លែងទៀតថា នៅក្នុងដំណាក់កាលដាន់ស៍នេះ បើសិនជាយើងអត់ធ្វើអ្វីសោះ ការវាយលុកនៃជំងឺកូវីដ១៩ គឺឡើងត្រង់ខ្ពស់តែម្តង។

«ប្រសិនបើយើងប្រកបការរស់នៅរបស់យើងសព្វថ្ងៃនេះ យើងត្រូវបោះជំហានយើងឲ្យត្រូវ បើមិនត្រូវទេ នឹងជំពប់ជើងដួល បើមិនត្រូវទេប៉ះទៅនឹងកូវីដ១៩ ដែលអាចបង្កឲ្យមានរលកទី២ កើតមានឡើង»។ នេះជាការគូសបញ្ជាក់ ពីលោកស្រី ឱ វណ្ណឌីន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន កំពុងមានការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ។

គិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០មក ក្រោមវិធានការនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយនោះដែរ។ អាជ្ញាធរនៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងទេ ហើយវាអាចមានរលកទី២។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេដោយសារ អ្នកជំងឺម្នាក់នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។ លោកបានបន្តអះអាងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលកំពុងព្យាបាលយូរជាងគេនោះ ពេលនេះត្រូវបានបញ្ជូនពីខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង មកកាន់មន្ទីពេទ្យខ្មែរសូវៀត ហើយសង្ឃឹមថាពួកគាត់នឹងជាសះស្បើយឆាប់ៗ ខាងមុខនេះផងដែរ៕