(បន្ទាយមានជ័យ)៖ បុរសវ័យកណ្តាលអាយុម្នាក់ បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធ និងកូន៤នាក់ផ្សេងទៀត ដោយសារ តែត្រូវជ្រូកបាខាំ តាំងពីព្រឹកទៀបភ្លឺថ្ងៃទី១១ ខែមករា ហើយបន្ទាប់មកពិសជ្រាបចូលខ្លួន បណ្តាលឲ្យដាច់ខ្យល់ស្លាប់កាលពីល្ងាចម្សិលមិញ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្តង់កាប់ជ្រូក ក្នុងភូមិគល់ស្ពាន១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម ធួន អាយុ ៤១ឆ្នាំ ប្រពន្ធមានឈ្មោះ សៀង ពៅ អាយុ៤៦ឆ្នាំ ក្រុមគ្រួសារនេះមានកូនប្រុសស្រីដល់ទៅ៤នាក់ ប៉ុន្តែឥឡូវត្រូវនៅកំព្រា។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលជ្រកបាខាំស្លាប់នោះកន្លងមក ជាកម្មករស៊ីឈ្នួលកាប់ជ្រូកក្នុងស្តង់កាប់ជ្រូកអស់រយះពេលជាង១៥ឆ្នាំ កន្លងមក ហើយដើម្បីយកលុយមកចិញ្ចឹមប្រពន្ធកូន ។
មុនពេលកើតហេតុជនរងគ្រោះបានទៅកាប់ជ្រូកក្នុងស្តង់ជាធម្មតា តែចង្រៃចៃដន្យ អ្វីស្រាប់តែមានជ្រូកមួយក្បាលបា មកខាំដៃរបស់គាត់ ឈាមជោគចេញដៃក្រោយ ពេលជូតឈាមហើយបុរសនោះមិនបានទៅពេទ្យចាក់ថ្នាំឡើយសំអាងថា ជ្រូកខាំមិនមានរឿងអ្វីនោះឡើយ។
លុះចូលដល់ថ្ងៃទី១២ មករា ឆ្នាំ២០១៦ ស្រាប់តែបុរសនោះពិសជ្រូកធ្វើទុក្ខជ្រាបចូលក្នុងខ្លួនប្រកាច់ពេញផ្ទះ ពេលនោះក្រុមគ្រួសារបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនតែគេអត់ទទួលព្យាបាល ព្រោះសំអាងថាបុរសនេះគ្មានសង្ឃឹមនឹងរស់នោះទេ ដោយពិសជ្រូកជ្រាបពេញខ្លួនក្រុមគ្រួសារក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី លុះនៅម៉ោង៧ល្ងាចថ្ងៃដដែល ដោយសារពេទ្យមិនអាចជួយសង្គ្រោះបានក៏ស្លាប់តែម្តង។ សពត្រូវបានប្រពន្ធដឹកយកមកផ្ទះលុះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ក្រុមគ្រួសារបានចាត់ចែងសពនោះធ្វើបុណ្យតាមប្រពៃណី។
នេះជារឿងមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចាប់អារម្មណ៍ ពេលដែលមានករណីជ្រូកខាំត្រូវចាក់ថ្នាំជាបន្ទាន់ ព្រោះពិសជ្រូកក៏ដូចពិសឆ្កែដែរ អាចបណ្តាលឲ្យស្លាប់បានដូចគ្នា៕