(ព្រៃវែង)៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦៖២០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខក្លោងទ្វារវត្តត្រកៀត ស្ថិតនៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ចំណុចចន្លោះគីឡូម៉ែត្រ 57-58 លើផ្លូវជាតិលេខ៨។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AO.6240 បើកបរដោយឈ្មោះ សយ សល់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានបើកបត់ឆ្វេង ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ1750 បើកបរដោយឈ្មោះ ភី រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះតែម្តង។
ក្រោយគ្រោះថ្នាក់នោះភ្លាមៗ បានបណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្ដរងការខូចខាតស្រាល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុ ចំណែកសាកសព ត្រូវបានបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរគ្រឿង រួមទាំងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកពារាំង៕