(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ជាយុវជនចំនួន៤នាក់ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំងនេះ បានឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ពានថ្មទី២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការអាវុហត្ថក្រុងសេរីសោភ័ណ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះល្បាតរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណដូចសព្វដង។ នៅថ្ងៃកើតហេតុ កម្លាំងដើរល្បាតរហូតដល់វេលាម៉ោង ២០៖៣០នាទី ហើយពេលទៅដល់ចំណុចស្ពានថ្មទី២ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានប្រទះឃើញយុវជន០២នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន។
ភ្លាមៗនោះកម្លាំងអាវុធហត្ថក្រុងបានធ្វើការការឃាត់ខ្លួន ព្រមទាំងដកហូតសម្ភារវត្ថុតាងមួយចំនួន ហើយធ្វើការសាកសួរបឋម ទើបទទួលបានតម្រុយបន្ថែម។ កម្លាំងបានបន្តធ្វើប្រតិបត្តិការ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត នៅចំណុចផ្ទះសំណាក់សារ៉ាត់ថង ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឲ្យដឹងទៀតថា កម្លាំងអាវុធហត្ថថែមទាំងដកហូតគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន០៥កូនថង់តូច ស្មើនឹងទម្ងន់ ១,៥១ក្រាម ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង០៤នាក់ រួមមាន៖
១៖ ឈ្មោះ ស៊ុយ គឹមសៀន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ
២៖ ឈ្មោះ វង្ស កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
៣៖ ឈ្មោះ ឃុល ខឿយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាទង់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
៤៖ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ/សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក យ៉ាន់ សុវណ្ណ បានឲ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយ ពួកគេបានឆ្លើយសារភាពថា បានទិញគ្រឿងញៀនយកមករក្សាទុកសម្រាប់ចែកចាយផង និងសម្រាប់ប្រើប្រាស់ខ្លួនឯងផង។ ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុង បានបញ្ជូនជនសង្ស័យ និងសំណុំរឿងមកទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ៕