(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចង់ធ្វើសៀវភៅគ្រួសារ ប៉ុន្តែត្រូវមន្ត្រីប៉ុស្តិ៍នគរបាលខណ្ឌនេះ ទុកឯកសារគាត់ចោល ដោយអះអាងថា ឯកសារមិនគ្រប់គ្រាន់ឡើយ ហើយមន្ត្រីខណ្ឌក៏មិនបានជូនដំណឹងទៅគាត់វិញដែរ។
ទាក់ទិនបញ្ហានេះ ត្រូវបានប្រជាពលរដ្ឋខាងលើ Comment ចូលទៅ Facebook «ស្នងការនគរបាលរាជធានីភ្នំពេញ»។ ក្រោយឃើញមើលឃើញរឿងនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យដោះស្រាយរួចហើយ។
Facebook របស់ «ស្នងការនគរបាលរាជធានីភ្នំពេញ» បានផ្សាយនៅថ្ងៃទី១០ ខែឧសភានេះថា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត មន្ត្រីតាមបណ្តាអធិការ និងប៉ុស្តិ៍ទាំងអស់ ត្រូវប្រចាំការ ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសត្រូវតែផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត ដូចជាការធ្វើអត្តសញ្ញាណបណ្ណខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
រហូតមកទល់ពេលនេះ គេសង្កេតឃើញថាមន្ត្រីតាមមូលដ្ឋានអនុវត្តបានយ៉ាងល្អតាមការណែនាំរបស់លោកស្នងការ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមានការខ្វះចន្លោះខ្លះ ដែលមន្ត្រីមួយចំនួនតូចត្រូវតែធ្វើការកែប្រែ ដោយផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។ ដូចជាករណីជាក់ស្តែង មន្ត្រីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដោយខ្វះការយកចិត្ត បានទុកឯកសាររបស់ប្រជាពលរដ្ឋ ដោយមិនបានទាក់ទងប្រាប់ទៅប្រជាពលរដ្ឋវិញ នៅពេលគាត់ខ្វះខាតឯកសារមួយចំនួន ដើម្បីធ្វើសៀវភៅគ្រួសារ។
ក្រោយទទួលបាន Comment លើបណ្តាញសង្គម Facebook ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការទាក់ទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំធ្វើជូនប្រជាពលរដ្ឋភ្លាមៗ។ ក្រោយមក២ថ្ងៃ អធិការខណ្ឌជ្រោយចង្វារ បានយកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋដល់ផ្ទះ ហើមន្ត្រីដែលធ្វេសប្រហេសក្នុងការអនុវត្តការងារ ក៏ត្រូវបានអធិការហៅមកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាផងដែរ។
សូមបញ្ជាក់ថា បើមានបញ្ហាប្រឈម ដែលមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ មិនបានដោះស្រាយជូនប្រជាពលរដ្ឋ សូម Comment ចូលទៅ Page «ស្នងការនគរបាលរាជធានីភ្នំពេញ»៕