(ភ្នំពេញ)៖ គម្របលូមួយចំនួន (៥កន្លែង) ដែលរងការខូចខាតនូវមួយអន្លើ ស្ថិតនៅមុខឃ្លាំងសាំងសូគីមិច សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ ឃើញថាចាប់ផ្ដើមដាក់គម្របថ្មីត្រឹមត្រូវល្អប្រសើរឡើងវិញហើយ ដោយអាជ្ញាធរភូមិ-សង្កាត់ ក្រោយពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជានិច្ចឲ្យអាជ្ញាធរសង្កាត់-ភូមិ ជួយឲ្យអស់ពីកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ជា ពិសី បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ អាជ្ញាធរសង្កាត់ឫស្សីកែវ និងអាជ្ញាធរភូមិឃ្លាំងសាំង ដែលបានខិតខំអនុវត្ដដាក់គំរបលូថ្មីៗ (៥កន្លែង) បន្ថែមទៀត ដើម្បីការពារកកស្ទះដោយសារសំរាមធ្លាក់ចូល និងការពាររាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាឧបទ្ទវហេតុ ក៏ដូចជា ការរក្សាសោភ័ណ្ឌភាពទីក្រុង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើ ជូនប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះ លោក ជា ពិសី តែងតែបានរំលឹកជានិច្ចឲ្យអាជ្ញាធរសង្កាត់-ភូមិ ជួយឲ្យអស់ពីកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌឡើយ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា ការក្រើនរំឭកយ៉ាងដូច្នេះ របស់លោក ជា ពិសី បានធ្វើឡើងនៅរៀងរាល់បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ ទាំង៧ និងមន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធ ទាំងឡាយ ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង នូវរាល់ផ្លូវរងការខូចខាត (សំបុកមាន់) គម្របលូ ការស្ដារប្រព័ន្ធលូបង្ហូរទឹក និងបរិស្ថានសំរាម ក្នុងការសិក្សាគម្រោង ឈានទៅរកដំណោះស្រាយមួយសមស្រប ក្រៅពីលោករំលឹកឲ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជុំនាញពាក់ព័ន្ធ យកចិត្តទុកដាក់លើការពង្រឹង រក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ៕