(ស្ទឹងត្រែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការ បង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២ករណី ជាប់ៗគ្នានៃបទល្មើសតែមួយ នៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
ករណីទី១ បានធ្វើឡើងនៅចំណុចភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង និងចំណុចទី២ នៅចំណុចភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ នេះបើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមរបាយការណ៍ដដែល បានឲ្យដឹងថា ចំពោះករណីទី១ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស (Ice) ចំនួន០៦កញ្ចប់តូច មានទម្ងន់ស្មើនឹង១,៧៤ក្រាម និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង នៅវេលាម៉ោង ១៣៖០៥នាទី ក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះករណីទី២ បង្ក្រាបបានក្រោយការសារភាពរបស់ជនសង្ស័យ បាង សុគា នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅធ្វើការឆែកឆេរ លំនៅដ្ឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) បានចំនួន០២កញ្ចប់ទៀត មានទម្ងន់ស្មើនឹង៣,៦៧ក្រាម។
បើតាមរបាយការណ៍នេះ បានបន្តឲ្យដឹងបន្ថែមថា ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចំនួន ០៣លើកមកហើយ តែសមត្ថកិច្ចមិនអាចបង្រ្កាបបានឡើយ ដោយជនល្មើសបានប្រើដ្រូនសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីបាន។ រហូតមកដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីគូកន រួមផ្សំនិងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំឯកសារ ដើម្បីត្រៀមបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការទៅតាមច្បាប់៕