(ភ្នំពេញ)៖ គិតមកដល់ដើមខែឧសភា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ឲ្យគ្រឹះស្ថានអប់រំគ្រប់ប្រភេទ ដំណើរការវិញនៅឡើយទេ ដែលប្រការនេះ ធ្វើឲ្យវិស័យអប់រំឯកជននៅកម្ពុជា បាននិងកំពុងប្រឹងប្រែងរកវិធីនានា ដើម្បីលើកស្ទួយដល់គុណភាពអប់រំ កំលុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតទូទាំងប្រទេស និងពិភពលោក។
ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទគ្រឹះស្ថានអប់រំមួយរយៈ និងណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សាគ្រប់ប្រភេទ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះ មិនឲ្យរាលដាលក្នុងប្រទេសកម្ពុជា។ គេសង្កេតឃើញថា សាលាវេសឡាញអេឌ្យូខេសិនគ្រុប (WEG) ដែលជាស្ថាប័នអប់រំដ៏ធំមួយនៅកម្ពុជា បានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំបានយ៉ាងខ្ជាប់ខ្ជួន ខណៈសាលាមួយនេះ ថែមទាំងរកវិធីសាស្ត្រ ក្នុងការបង្ហាត់បង្រៀនសិស្ស កំលុងពេលវិបត្តិកូវីដ១៩នេះផងដែរ។
ជាក់ស្តែង WEG បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៤ រួមមាន៖ VCONNECT, Edemy, Maxbit និង DTP ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង ជាពិសេសជាមួយក្រសួងអប់រំយុវជន និងកីឡាផ្ទាល់តែម្តង ដើម្បីជួយអភិវឌ្ឍន៍ និងបង្កើនគុណភាពអប់រំតាមរយៈប្រព័ន្ធអ៉ីនធើណេត ឬហៅម្យ៉ាទៀតថា ការសិក្សាតាមអនឡាញ។
លោក ប៉ិច បូឡែន អគ្គនាយក WEG បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការរវាង WEG និងក្រុមហ៊ុនបច្ចេកវិទ្យាទាំង៤ ថា គោលបំណងនៃកិច្ចសហការនេះ មិនមែនដើម្បីតែបង្កើនគុណភាពអប់រំតាមប្រព័ន្ធអនឡាញដល់សិស្សក្នុងអំឡុងពេលវិបត្តិកូវីដ១៩បុណ្ណោះទេ តែថែមទាំងផ្តល់ផលប្រយោជន៍សម្រាប់ត្រៀមលក្ខណៈនៃការធ្វើទំនើបកម្មអប់រំ និងវិធី សាស្ត្រនៃការរៀន និងបង្រៀន ទៅថ្ងៃអនាគតទៀតផង។
លោកបន្ថែមថា ផលប្រយោជន៍នៃកិច្ចសហការនេះ រួមមាន៖
១៖ អេតឌឺមី (Edemy)៖ ថ្នាក់រៀនតាមប្រព័ន្ធឌីជីថល និងការរៀនតាមអ៉ីនធឺណេត។ សិស្សានុសិស្សអាចទស្សនាមេរៀនជាលក្ខណៈវីដេអូ អាចអានអត្ថបទមេរៀន ធ្វើការវាយតម្លៃលើលំហាត់ ឬកិច្ចការសាលាដោយខ្លួនឯងបាន តាមដានដំណើរការរៀនសូត្ររបស់ខ្លួនឯងបាន បង្កើនទំនាក់ទំនងរវាងលោកគ្រូ/អ្នកគ្រូ ហើយនិងសិស្សានុសិស្ស ឲ្យមានប្រសិទ្ធិភាព។
២៖ ម៉ាក្សបីត (Maxbit)៖ ការរៀនតាមប្រព័ន្ធអ៉ីនធឺណេត និងការពីគ្រោះយោបល់អំពីអាជីវកម្មអនឡាញន៍ទៅកាន់អ្នកអាណាព្យាបាល អាចជួយកែលម្អអាជីវកម្មរបស់អ្នកអាណាព្យាបាល ហើយសាលារៀនអាចសម្របខ្លួនតាមឧបករណ៍បង្រៀនទំនើបៗ ឲ្យមានប្រសិទ្ធិភាពជាងមុន។
៣៖ វីខូនិក (VConnect)៖ ប្រព័ន្ធគ្រប់គ្រងសាលារៀនវ័យឆ្លាត ជួយអ្នកអាណាព្យាបាល និងសាលារៀនទៅលើការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពខ្ពស់ រួមទាំងការគ្រប់គ្រងការសិក្សារបស់សិស្សានុសិស្ស។
៤៖ ឌី ធី ភី (DTP)៖ បណ្ណាល័យអេឡិចត្រូនិច និងកម្មវិធីរៀនតាមប្រព័ន្ធឌីជីថល។ អ្នកអាណាព្យាបាល និងសិស្សានុសិស្សអាចប្រើប្រាស់កម្មវិធីរៀននៅផ្ទះ ដើម្បីបង្កើនសមត្ថភាពទៅការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគាត់។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន កំពុងមានការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ។
គិតមកដល់សប្តាហ៍នេះ មានរយៈពេលជិត ១ខែមកហើយ ក្រោមវិធានការនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយនោះដែរ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងទេ ហើយវាអាចមានរលកទី២។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសពន្យារពេល នៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។ មានរយៈពេល ជិត១ខែហើយ ដែលក្រសួងអប់រំ មិនទាន់បើកឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ។
បើតាមសេចក្តីណែនាំដដែល បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យបន្តអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដូចតទៅ៖
១៖ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* ផ្សព្វផ្សាយនឹងសហការល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី ដើម្បីជំរុញគាំទ្រដល់ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់សិស្សានុសិស្សនៅតាមលំនៅស្ថាន និងសហគមន៍ តាមមធ្យោបាយ និងលទ្ធភាពជាក់ស្តែង
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ
* ត្រូវរៀបចំវេនយាមប្រចាំការ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ
* លើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅសិក្សាគោល ដើម្បីលើកកម្ពស់ស្វ័យសិក្សា និងសិក្សាពីចម្ងាយ។
២៖ គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៣៖ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* ត្រៀមលក្ខណៈអនុវត្តន៍ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច»
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៤៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត
* រៀបចំ កែលម្អ និងអភិវឌ្ឍន៍វេទិកាឌីជីថល សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិច
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៥៖ មន្ទីរអប់រំយុវជន និងកីឡា រាជធានី-ខេត្ត
* ផ្សព្វផ្សាយ និងជំរុញ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់គ្រប់ភាគីពាក់ព័ន្ធ
* បន្តតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ យុវជន និងកីឡា រៀងរាល់ថ្ងៃ តាមប្រព័ន្ធទំនាក់ទំនង ដែលមានស្រាប់ ក្នុងករណីដែលមានការសង្ស័យណាមួយ
* ដោះស្រាយនូវសំណូមពររបស់ថ្នាក់មូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាព។
៦៖ មាតាបិតា អ្នកអាណាព្យាបាល
* ក្រសួងសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សគ្រប់រូប ត្រូវបន្តជំរុញឲ្យកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវមើលថែកូនចៅ អនុវត្តន៍វិធានការអនាម័យ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់៕