(កណ្ដាល)៖ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងខេត្តទាំងអស់ កុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ឲ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះ ហើយពលរដ្ឋសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការផ្តាំផ្ញើនេះ បានធ្វើឡើងក្នុងឱកាសដែលលោក នាំមន្ត្រីក្រោមឱវាទជាច្រើននាក់ អមដំណើរដោយ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល ចុះជួបប្រជាពលរដ្ឋស្រុកមុខកំពូល ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ នៅថ្ងៃទី០៩ ខែឧសភាម្សិលមិញ។
លោកបណ្ឌិតលើកឡើងទៀតថា អំណោយនេះជាការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជារាស្ត្រមានជីវភាពខ្វះខាត ដោយមិនទុកឲ្យពលរដ្ឋរងគ្រោះ ឬមានទុក្ខលំបាកនោះឡើយ។
លោកបណ្ឌិត ម៉ៅ ភិរុណ បន្តទៀតថា «ថ្វីត្បិតស្រុកទេសយើងមានសភាពស្ងប់ស្ងាត់ពីបញ្ហាកូវីដ១៩មែនពិត ប៉ុន្តែសូមពលរដ្ឋយើងទាំងអស់គ្នា កុំធ្វេសប្រហែសឲ្យសោះ ព្រោះវាឆ្លងមិនរើសមុខទេ មិនរើសឋានៈ បុណ្យសក្ដិតួនាទីណាទេ ឲ្យតែប្រហែសគឺឆ្លងមិនខានឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា តាមរយៈការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ជេលអាល់កុល ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា ផ្អាកការជួបជុំ ផឹកស៉ីជាហ្វូងមួយរយៈសិន»។
លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានឡើងពីភាពសកម្មនៃការចុះផ្សព្វផ្សាយពីវិធានការការពារបញ្ហាជំងឺកូវីដ១៩នេះ គ្រប់ច្រកល្ហកនៃស្រុក ធ្វើយ៉ាងពន្យល់ពលរដ្ឋឲ្យយល់ច្បាស់លាស់ និងចូលរួមទប់ស្កាត់បញ្ហាជំងឺនេះ។ គួរជម្រាបថា ការចែកអំណោយនេះ ពលរដ្ឋក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះ ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី ១យួរ ក្រមា១ និងថវិកា ២ម៉ឺនរៀល។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២០ករណី នៅសល់តែ២នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាលជំងឺកូវីដ១៩ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន កំពុងមានការឆ្លងរីករាលដាលបន្តបន្ទាប់នៅឡើយ។
រយៈពេល ៨ថ្ងៃមកហើយ ក្រោមវិធានការនេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយនោះដែរ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីខ្លួនយើងទេ ហើយវាអាចមានរលកទី២៕