(ត្បូងឃ្មុំ)៖ ពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
ពិធីបុណ្យនាព្រឹកនេះ ត្រូវបានប្រារព្ធធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាច់ញាតិ ព្រមទាំងកូនៗ និងចៅៗ ការប្រគេន យាគូដល់ព្រះសង្ឃ វេរភត្តាហារប្រគេនព្រះសង្ឃ បង្សុកូល ដារឆ្លង។ បន្ទាប់មកនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រ៩៦អង្គ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពដោយជរាពាធក្នុងជន្មាយុ ៩៦វស្សា កាលពីវេលាម៉ោង ២៖១២នាទី ទៀបភ្លឺថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
បន្ទាប់ពីតម្កល់ធ្វើបុណ្យរយៈពេលពីរយប់ និងបីថ្ងៃ ដោយមានការអញ្ជើញគោរពវិញ្ញាណក្ខន្ធពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងឯកអគ្គរដ្ឋទូត រាជទូត ព្រមទាំងញាតិមិត្តជិតឆ្ងាយនោះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
ដើម្បីជាការឧទ្ទិកុសលផលបុណ្យជូនដល់មាតាក្មេង មាតាបង្កើត និងជីដូននោះ សម្តេចេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសាច់ញាតិជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ និងចៅទួត បានរៀបចំធ្វើបុណ្យទៅតាមបែបបទប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងបាននិមន្តព្រះសង្ឃគោចររាប់បាត្រជាបន្តបន្ទាប់រហូតដល់គម្រោងពិធីបុណ្យ៧ថ្ងៃនៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា។
នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ត្រូវជាថ្ងៃគម្រប់៧ថ្ងៃនៃការទទួលមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ និងចៅៗ បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
នៅក្នុងពិធីតាមបែសាសនានេះ កូនបង្កើត កូនប្រសារ ចៅ ចៅទួត បានអរតនានិមន្តសម្តេចព្រះរាជាគណៈ៩ព្រះអង្គ និងព្រះសង្ឃបួសមុខភ្លើង ចម្រើនព្រះបរិត្ត ធ្វើបទនមសិកា ព្រះរតនត្រ័យ និងសម្តែងព្រះធម្មទេសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ ធម្មការនិងសាសនា ព្រះបរមរាជវាំង។
ពិធីបុណ្យតាមបែបសាសនា ដែលបានធ្វើឡើងនៅ ភូមិកំណើតផ្ទាល់ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នៅភូមិទី២ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីសម្តេច លោក លោកស្រី ជាឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា ញាតិមត្តិគ្រប់ក្រុមគ្រួសារ របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ជាច្រើននាក់។
នៅក្នុងពិធីតាមបែបបសាសនានោះដែរ សម្តេចព្រះវ័នរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានសំដែងនូវព្រះធម្មទេសនា ស្តីពីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ។
ជាព្រះធម្មទេសនាស្តីពីគុណទឹកដោះម្តាយថ្លៃ របស់មាតាជាអ្នកមានគុណមិនអាចកាត់ថ្លៃបាន ក្នុងការដែលមាតាមានមហាករុណាតិគុណផ្តល់កំណើតថែទាំចិញ្ចឹមបីបាច់បុត្រ ធីតា ចាប់តាំងពីប្រសូត្រចេញពីផ្ទៃ រហូតធំដឹងក្តី មានមុខរបរចិញ្ចឹមជីវិតខ្ពស់មុខ ខ្ពស់មាត់ក្នុងសង្គម។ ធម្មទេសនារបស់សម្តេចព្រះវ័នរ័ត្ន បានសំដែងពីគុណតម្លៃទឹកដោះម្តាយថ្លៃ ដែលអ្នកមានគុណទាំងទ្វេ គឺមាតាបិតាមានគុណជាស្រែបុណ្យ ដែលកូនៗទាំងអស់មិនអាចនឹងតបស្នងគុណចំពោះលោកអ្នកមានគុណមាតាបិតាបាន។
សម្តេចព្រះវ័នរ័ត្ន ក៏បានជូនពរជ័យ បវរមហាប្រសើរជូនវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅកាន់សុគតិភព ឋានសួគ៌ាលៃ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ។ ពិសេសបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ក្នុងពេលដែលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នៅមានជន្មាយុ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រសូតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ។
បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី ៣រូប និងប្រុស ១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប រួមមាន៖ លោកស្រី ប៊ុន សាមលេន, លោក គ្រី ទូច, លោក គ្រី សុខហាក់ ស្លាប់នៅក្នុងរបបប៉ុលពត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកស្រី ប៊ុន សុថា។
ពេលនៅមានជន្មាយុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាពុទ្ធសាសនិកជនមួយរូបពោរពេញដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនតម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។ ក្រៅពីជាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តមមួយរូបហើយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានចូលរួមធ្វើកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀតផងដែរ។
មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕