(បន្ទាយមានជ័យ)៖ ដោយបារម្ភពីបញ្ហាជំងឺឆ្លងរបស់សត្វ ដូចជាគោ ក្របី សេះ ជាដើមចូលមកប្រទេសកម្ពុជា ហើយគ្មានការត្រួតពិនិត្យ ឬបញ្ជាក់សុខភាពត្រឹមត្រូវពីប្រទេសថៃ ដែលអាចនឹងជះឥទ្ធិពលដល់សត្វក្នុងស្រុកនោះ, កសិករអ្នកចិញ្ចឹមសត្វ និងអ្នករកស៊ីស្របច្បាប់ ស្នើឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងការត្រួតពិនិត្យឲ្យម៉ត់ចត់ ចំពោះសុខភាពសត្វ មុននឹងអនុញ្ញាតឲ្យធ្វើចរាចរណ៍ ក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋ និងអ្នករកស៊ីស្របច្បាប់បានឲ្យដឹងថា ក្តីបារម្ភនេះកើតឡើងបន្ទាប់ពីកើតមានជញ្ជូនសត្វ យ៉ាងអាណាធិបតេយ្យ តាមច្រកអូរបីជាន់ តំបន់៣ តំបន់៥ និងច្រកខ្លាងាប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាមានជ័យ ព្រំប្រទល់នឹងខេត្តស្រះកែវ ប្រទេសថៃ ដោយគ្មានលិខិតបញ្ជាក់សុខភាពសត្វ ត្រឹមត្រូវពីប្រទេសថៃឡើយ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កន្លងមកមានក្រុមហ៊ុនមួយចំនួន ដែលមិនបានធ្វើឯកសារត្រឹមត្រូវពីប្រទេសថៃ ដើម្បីដឹកជញ្ជូនគោក្របីចូលមកកម្ពុជា គឺបានប្រើមធ្យោបាយដេញគោក្របីចូលកម្ពុជា ដែលគោក្របីទាំងនោះមិនមានភិនភាគសម្គាល់ និងលិខិតបញ្ជាក់សុខភាព ដែលចេញដោយពេទ្យសត្វថៃនោះទេ ដោយមិនដឹងច្បាស់អំពីប្រភពគោក្របីនោះថាមានជំងឺ ឬក៏អត់ ការធ្វើបែបនេះ ធ្វើឲ្យជះឥទ្ធិពលដល់គោក្របី ក្នុងស្រុករបស់យើងជាយថាហេតុ។
ប្រជាពលរដ្ឋ និងអ្នករកស៊ីស្របច្បាប់ នៅតែទទូចសំណូមពរឲ្យមន្ត្រីជំនាញសុខភាពសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹងឲ្យបានម៉ត់ចត់បំផុត ចំពោះបញ្ហាសុខភាពសត្វដែលការនាំចូល និងដឹកជញ្ជូនឆ្លងប្រទេសកម្ពុជា តាមច្រកអូរបីជាន់ តំបន់៣ តំបន់៥ និងច្រកខ្លាងាប់ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ព្រំប្រទល់នឹងខេត្តស្រះកែវ ប្រទេសថៃ ជៀសវាងការនាំឲ្យមានការចម្លងនៃជំងឺដល់សត្វគោក្របី ក្នុងស្រុករបស់យើង ក៏ដូចជាសុខភាពសាធារណៈផងដែរ៕
លិខិតសុខភាពផ្លូវការចេញដោយពេទ្យសត្វថៃ