(ក្រចេះ)៖ យុវជនអាយុ១៩ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មក្រោយពីអំបែងគ្រាប់មុតធ្លាយពេញខ្លួនដោយសារតែ ជនរងគ្រោះ បានរើសគ្រាប់មិនទាន់ផ្ទុះ យកមកដំដើម្បីយកសំបកមកកែច្នៃ ធ្វើជាឧបករណ៍គ្រាប់បែកបោកត្រី ក៏បណ្ដាលឲ្យផ្ទុះនៅចំណុចខ្ទមស្រែ ក្នុងព្រៃស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។
មន្រ្តីនរគបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម សុខ អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំថ្មី ស្រុកចិត្របុរី បានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ មន្រ្តីនគរបាលបានបន្តទៀតថា ការផ្ទុះគ្រាប់បណ្ដាលឲ្យ មនុស្សស្លាប់នេះជាលើកទី១ ហើយក្នុងទឹកដីស្រុកចិត្របុរី ពីព្រោះកន្លងមក អាជ្ញាធរធ្លាប់បានផ្សព្វផ្សាយអប់រំ និងហាមមិនឲ្យបងប្អូនប្រជាពលរដ្ឋ ប៉ះពាល់ ឫលេងគ្រាប់មិនទាន់ផ្ទុះនោះឡើយ នៅពេលដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះទាំងនេះ ហើយត្រូវរាយការណ៍ ជូនអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ៕