(ភ្នំពេញ)៖ ជនរងគ្រោះជាប្ដី ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល ខេត្ដកណ្ដាល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីធ្វើការពិនិត្យព្យាបាលបន្ដ ក្រោយពីក្រសួងសុខាភិបាល យកទៅធ្វើការពិនិត្យ និងស្គេនឡើងវិញ ឃើញថា កដៃរបស់ជនរងគ្រោះ មានសភាពបាក់ខ្លាំង។
ថ្លែងប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនរងគ្រោះជាប្ដី កំពុងធ្វើការព្យាបាលបន្ដ ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកុសុមៈ ក្រោយក្រសួងយកទៅពិនិត្យ និងស្គេនឡើងវិញ ឃើញថា កដៃរបស់ជនរងគ្រោះ មានសភាពបាក់ខ្លាំង រហូតអាចឈានដល់មានវះកាត់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកថវិកាបង់ថ្លៃពេទ្យ ចំនួន១.៨លានរៀល របស់ក្រសួងសុខាភិបាល ប្រគល់ជូនជនរងគ្រោះប្ដី-ប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានរៀបចំយកជនរងគ្រោះប្ដី-ប្រពន្ធ ទៅធ្វើការពិនិត្យ និងស្គេនឡើងវិញ រហូតដល់ជាសះស្បើយ ដោយឥតគិតថ្លៃផងដែរ។ ខណៈបច្ចុប្បន្ន ជនរងគ្រោះ កំពុងស្ថិតនៅផ្ទះជួល ខាងក្រោយសួរឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះជាប្ដី ហើមជើង និងហើមដៃ។
ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ៤១ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អ្នកទាំង២ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាន នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកយកមកព្យាបាល។
អ្នកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយរងបួសដាច់រលាត់ដៃជើងសើស្បែក ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក្ក័យបត្រថា ជនរងគ្រោះបាក់ដៃ និងបាក់ជើង ព្យាបាលលាងរបួសអស់ទឹកប្រាក់ ចំនួន៧១០ដុល្លារ ហើយបង្ខំឲ្យជនរងគ្រោះយកលុយ មកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
ជនរងគ្រោះអះអាងថា ពួកគាត់របួសដាច់រលាត់សើស្បែកតែប៉ុណ្ណោះ មិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរនៅលើវិក្ក័យបត្រថា គាត់២នាក់ប្តីប្រពន្ធ បាក់ដៃ និងបាក់ជើងទៅវិញរួចទារលុយជិត១០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើន។ ក្រោយពីមានការតវ៉ាពីក្រុមសាច់ញាតិ និងអ្នកជំងឺទើបប្រធានមន្ទីរពេទ្យ ខាងលើនេះ ចុះតម្លៃមកត្រឹម៤៥០ដុល្លារវិញ ចំណែកជនរងគ្រោះ ក៏យល់ព្រមបង់លុយដើម្បីបញ្ចប់រឿង។
ក្រោយកើតមានករណីនេះ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក៏បានចេញលិខិតព្រមាន ចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសំរាកព្យាបាល និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសំរាកព្យាបាល ខាងលើ ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយលើសពីនេះ មន្ទីរសម្រាមព្យាបាល ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឲ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕