(ភ្នំពេញ)៖ មុខសញ្ញាម្នាក់ជាប់សង្ស័យ ធ្វើសកម្មភាពលួចកង់ វាយគេឯងយកទូរស័ព្ទ និងយកលុយ នៅតាមដងផ្លូវពីប្រជាពលរដ្ឋ ជាច្រើនដង ក្នុងទឹកដីខណ្ឌឫស្សីកែវនោះ ត្រូវបាននគរបាលប៉ុស្ដិ៍ឫស្សីកែវ ស្រាវជ្រាវចាប់ខ្លួននៅវេលាម៉ោង១២៖១៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្នុងបរិវេនវត្តឧត្តរាវតី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ជនសង្ស័យឈ្មោះ ពេជ្រ ភក្ត្រា ហៅអាត្រា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ ថោង វុទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជា សិស្ស ទីលំនៅផ្ទះលេខ៧៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាយប៉ុស្ដិ៍ឫស្សីកែវ លោក តូច គឹមសុង បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាលួចកង់ និងទ្រព្យសម្បត្តិផ្សេងៗ របស់ប្រជាពលរដ្ឋ កាលពីរអំឡុងជាង១ឆ្នាំមុន ប៉ុន្តែបានរត់គេចខ្លួន ហើយក្រោយមក បានទៅធ្វើសកម្មភាពវាយយកលុយ និងទូរស័ព្ទដៃពីជនរងគ្រោះ តាមផ្លូវកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ថ្មីៗនេះ។លោកនាយប៉ុស្ដិ៍បន្តថា លុះមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៦ នេះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវស្រាវជ្រាវកំណត់មុខសញ្ញាចាប់ខ្លួនបានតែម្ដង។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យត្រូវបានយកទៅសួរនាំ នៅប៉ុស្ដិ៍នគរបាលឫស្សីកែវ និងបន្តទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមច្បាប់៕
កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ តាមបង្ក្រាបចោរលួច និងវាយទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមដងផ្លូវ
Posted by Fresh News on Wednesday, January 13, 2016