(ភ្នំពេញ)៖ រថយន្ដធន់យក្សដឹកដី និងថ្មមួយគ្រឿង បានកៀរ និងកិនម៉ូតូC១២៥មួយគ្រឿង ដែលបើកបរដោយ ស្ត្រីមានផ្ទៃពោះម្នាក់ បណ្តាលរងរបួសជើង ខណៈកូនតូចដែលជិះជាមួយ បានរងរបួសក្បាល ហើយម៉ូតូរងការខូចខាតពីមុខស្ទើរទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១៖១៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ កែងផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ស្ត្រីមានផ្ទៃពោះ៣ខែឈ្មោះ ប៉ែន លីណា អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ និងកូនប្រុសតូចឈ្មោះ សួន រក្សា ពួកគេស្នាក់នៅផ្ទះជួល ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ស្រ្តីរងគ្រោះ និងកូនជិះម៉ូតូម៉ាកC១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BG-9637។ ចំណែកអ្នកបើករថយន្ដបង្ក ឈ្មោះ ឌីន ធា អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅ ភូមិទឹកជ្រុំ ឃុំពេជ្រមុន្នី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូបើកបរពីកើតមកលិចដល់ចំណុច ផ្លូវកែង៥៩៨ ក៏បត់ឆ្វេងឆ្លង ផុតផ្លូវជាតិលេខ៥ ស្រាប់តែរថយន្ដដឹកដីពីត្បូង មកជើងកៀរម៉ូតូជនរងគ្រោះដួលខ្ទាតចេញពីម៉ូតូទាំង២នាក់ ម្ដាយនិងកូនបណ្ដាលឲ្យ ស្ត្រីរងរបួសត្រូវជើង និងកូនតូចបែកក្បាលហូរឈាម។ ដោយឡែក ម៉ូតូនៅខាងក្រោមរថយន្ដបានបើកកិនបន្ថែមបណ្ដាលឲ្យរងការ ខូចខាតពីមុខស្ទើរទាំងស្រុង រួចអ្នកបើករថយន្ដបានទុករថយន្ដចោល បើកទ្វារដើរចូលមកសំងំក្នុងដេប៉ូលក់ខ្សាច់ ដែលនៅក្បែរនោះ ធ្វើមិនដឹងរឿង ដោយមិនព្រមមកធ្វើការចរចារជាមួយ និងស្ត្រីរងគ្រោះឡើយ។ ប៉ុន្តែក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ដត្រូវបាននគរបាលប៉ុស្ដិ៍ស្វាយប៉ាក នាំខ្លួនមកចរចារ ជាមួយស្ត្រីរងគ្រោះឲ្យជួយសងសំណងដើម្បីបញ្ចប់រឿង៕

k

Posted by Sheet on Wednesday, January 13, 2016