(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុសុ្សធម៌ ដល់កុមារកំព្រា កុមាររស់នៅជាមួយមេរោគអេដស៍ កុមារងាយរងគ្រោះ សរុបចំនួន៦០នាក់ នៅទីស្នាក់ការសាខា ស្ថិតភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះក្មួយៗទាំងអស់សំខាន់បំផុតនោះ គឺកុមារកំព្រា និងប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងជីវភាព តាមរយៈការជួយទំនុកបម្រុងផ្នែកជីវភាព ធ្វើយ៉ាងណាឲ្យការរស់នៅរបស់ពួកគាត់ទទួលបាន នូវភាពល្អប្រសើរ។
ជាក់ស្ដែងនៅក្នុងស្ថានភាពដែលពិភពលោក រួមទាំងកម្ពុជាផង កំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 សម្ដេចប្រធានបានណែនាំដល់ គណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យមើលការខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ជនចាស់ជរា គ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា អ្នកមានជំងឺរ៉ាំរ៉ៃ ជាដើម ដែលបញ្ជាក់ឲ្យឃើញថា ជាការយកចិត្តទុក្ខដាក់គិតគូរខ្ពស់បំផុត របស់ថ្នាក់ចំពោះប្រជាពលរដ្ឋ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រី មិថុនា ភូថង និងក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណ ដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការជំងឺ COVID-19 ផងដែរ។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺ COVID-19 ត្រូវធ្វើអនាម័យជាប្រចាំលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ, ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ, ចៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ, ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ, ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។
គួរជម្រាបថា អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ មីម៉ាម៉ា៣០០កញ្ចប់, ត្រីខ១២០កំប៉ុង, ទឹកផ្លែឈើ៦០កំប៉ុង, ទឹកសុទ្ធដបធំ៦០ដប, សាប៊ូដុំ៦០ដុំ, ថ្នាំបាញ់មូស៦០កំប៉ុង, ម៉ាស់៣០០ម៉ាស់ និងថវិកាមួយចំនួន។ ក្នុងនោះ លោកស្រី មិថុនា ភូថង បានឧបត្ថម្ភថវិកាបន្ថែម ៦០ម៉ឺនរៀល និងលោកស្រី សុខ សុទ្ធាវី ប្រធានមន្ទីរកិច្ចការនារី ឧបត្ថម្ភនំ៦០កញ្ចប់ផងដែរ៕