(ភ្នំពេញ)៖ លោក សុខ ឥសាន តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា គម្រោងជួបគ្នារវាងតំណាងរាស្រ្ត គណបក្សទាំងពីរ ដើម្បីពិភាក្សា និងត្រួតពិនិត្យទៅលើ សេចក្តីព្រាងច្បាប់សហជីព ដែលគ្រោងនឹងធ្វើនៅរសៀលថ្ងៃទី១៣ ខែមករានេះ ត្រូវបានលើកពេលទៅ រសៀលថ្ងៃស្អែកវិញ។
លោក សុខ ឥសាន បានបញ្ជាក់ថា ការលើកពេលនេះ ដោយសារតែកិច្ចប្រជុំសភាពេញអង្គ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងចំនួន៣ នៅថ្ងៃនេះបានបន្តរហូត ដល់ពេលរសៀល ដែលតំណាងរាស្រ្តពាក់ព័ន្ធនឹង ការពិនិត្យសេចក្តីព្រាងច្បាប់សហជីពនេះ មិនមានពេលគ្រប់គ្រាន់។
សូមបញ្ជាក់ថា តំណាងរាស្រ្តគណបក្សទាំងពីរ ដែលជាសមាសភាព នៃក្រុមការងារពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់សហជីព ធ្លាប់បានជួបគ្នាម្តងហើយ កាលពីសប្តាហ៍មុន ដើម្បីពិនិត្យមើលសំណើសុំកែប្រែរបស់ សហជីពទាំង២១ចំណុច ក្នុងនោះគណៈកម្មការនេះ ក៏បានព្រមព្រៀងគ្នា ចំនួន២ចំណុចដែរ នៅសល់១៩ចំណុច ដែលត្រូវពិភាក្សាបន្តបន្ទាប់ទៀត៕